ព័ត៌មានទាន់ហេតុការណ៍៖

លោក កែ គឹមយ៉ាន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤និងផ្សព្វផ្សាយស្មារតីនៃសន្និបាតលើកទី៤៥ អាណត្តិទី៥

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ​ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខេត្តឆ្នាំ២០២៤និងទិសដៅបន្ត និងផ្សព្វផ្សាយលទ្ធផលស្មារតីនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារគ្រប់ថ្នាក់ និងសមាជិកសមាជិកា។ 

ក្រោយពីស្តាប់របាយការណ៍សង្ខេបពីលទ្ធផលការងារគណបក្សខេត្តឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ ដោយលោក ប្លែក វ៉ារី និងរបាយការណ៍ស្តីពីសភាពការណ៍ទូទៅការងារឆ្នាំ២០២៤និងទិសដៅឆ្នាំ២០២៥ នៃសន្និបាតគណៈកម្មាធិការកណ្តាលនិងសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ ដោយលោក អ៊ុំ រាត្រី រួចមក។ 

ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ជូនពរជ័យមហាប្រសើរ និងថ្លែងអំណរគុណពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចជាអនុប្រធានគណបក្ស ជូនដល់សមាជិកាគណបក្សទាំងអស់។ 

ជាមួយនឹងការសាទរពីលទ្ធផលការងារដ៏ត្រចះត្រចង់ក្នុងឆ្នាំ២០២៤ ក្នុងឱកាសនោះដែរ លោក កែ គឹមយ៉ាន ឯកភាពនិងគាំទ្រនូវរាល់ទិសដៅ ដោយបានណែនាំឱ្យបន្តរក្សានូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តពង្រឹងលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គោលនយោបាយភូមិ-ឃុំ/សង្កាត់មានសុវត្ថិភាព ច្បាប់ចរាចរណ៍ ព័ត៌មានក្លែងក្លាយ សេវាសាធារណៈ ដោះស្រាយនូវសំណូមពរប្រជាពលរដ្ឋ ដោះស្រាយបញ្ហាចំណាកស្រុក ការប្រើប្រាស់ទឹកកសិកម្មនៅរដូវប្រាំង ត្រៀមជួយអន្តរាគមន៍នានាមានគ្រោះរាំងស្ងួត បង្ការគ្រោះអគ្គិភ័យ បំផុសចលនាឲ្យយុវជននៅតាមភូមិចូលរៀនជំនាញបច្ចេកទេស ការលើកទឹកចិត្តឲ្យបង្កើតមុខរបរអាជីវកម្មខ្នាតតូចនៅតាមសហគមន៍ និងជំនួយបច្ចេកទេសកសិកម្មនៅតាមមូលដ្ឋាន ជាដើម។ល៕

ដោយ​៖ តារា​


ចែករំលែក៖