ខេត្តព្រះសីហនុ ៖ កម្មករ កម្មការិនីប្រមាណជា៥០នាក់ក្នុងចំណោមកម្មករកម្មការិនីប្រមាណជាង៣០០នាក់ នៃរោងចក្រយីហោ W I G C អតីតរោងចក្រតុងតាជិតឃ្លំាងលើ ផលិតវែនតានិងកាបូប បាននាំគ្នាប្រមូលផ្តុំធ្វើ កូដកម្មនៅមុខរោងចក្រ ដើម្បីទាមទារឲ្យថៅកែរោងចក្រគោរពលក្ខខណ្ឌការងារ និងច្បាប់ការងារនៃប្រទេសកម្ពុជា។ កូដកម្មរបស់ក្រុមកម្មករកម្មការិនីខាងលើនេះបាន កើតឡើងនៅព្រឹក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងបរិវេណរោងចក្រ ដោយភាពស្ងប់ស្ងាត់មិនមានអំពើហឹង្សាណាមួយបាន កើតឡើងនោះទេ ខណៈដែលគេដឹងថា មន្ត្រីមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុបានចុះ ទៅរកដំណោះស្រាយនោះហើយ។
បើតាមកម្មករកម្មការិនីដែលនាំគ្នាតវ៉ាបានឲ្យដឹងថា ការដែលពួកគេប្រមូលផ្តុំធ្វើកូដកម្មនេះ គឺដើម្បីទាមទារ ឲ្យថៅកែរោងចក្រគោរពច្បាប់ការងារ និងលក្ខខណ្ឌការងារ នៅក្នុងរោងចក្រដូចជា រោងចក្រផ្សេងៗឯទៀត។ កម្មការិនីម្នាក់ក្នុងចំណោមអ្នកតវ៉ាបានបញ្ជាក់ថា ពួកគេចង់ឲ្យថៅកែរោងចក្រ បើកទូលាយនូវពេលវេលានៃការសុំច្បាប់ ដែលកម្មករមានធុរៈឬមានជំងឺ គ្រាដែលខាងរោងចក្របានដាក់ កំហិតចំពោះច្បាប់ឈឺ ត្រូវមានសំបុត្រពេទ្យ ហើយតែអនុញ្ញាតិឲ្យតែ១ថ្ងៃកន្លះប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ពួកគេសំណូមពរ ឲ្យខាងរោងចក្របើកប្រាក់ខែកុំឲ្យមានការយឺតយ៉ាវ និងបញ្ឈប់កម្មករដោយគ្មានមូលហេតុ ច្បាស់លាស់។
កម្មករម្នាក់ផ្សេងទៀតបានលើកឡើងថា អ្នកគ្រប់គ្រងកម្មករនៅក្នុងរោងចក្រមួយនេះ គ្មានបទពិសោធន៍ និងទំនួលខុសត្រូវក្នុងការងារនៅពេលដែលកម្មករមានបញ្ហា អ្នកគ្រប់គ្រងគ្មានចេះរក ដំណោះស្រាយ ឲ្យកម្មករកម្មការិនីនោះទេ។ ទន្ទឹមនឹងនេះ សំណូមពរខាងរោងចក្របណ្តេញប្រធានរដ្ឋបាល ចេញពីការងារព្រោះ ប្រធានរដ្ឋបាលនេះ ប្រើសម្តីមិនសមរម្យមកលើកម្មករកម្មការិនី ប្រៀបបីដូចជាមនុស្សពាល និងមានការប្រកាន់បក្ខពួក ហើយត្រូវរកប្រធានរដ្ឋបាលថ្មីមកជំនួសវិញ។
កម្មករផ្សេងទៀតបានលើកឡើងដែរថា នៅរោងចក្រមួយនេះ ថៅកែរោងចក្រមានការកេងប្រវញ្ញនិងជិះជាន់ លើកម្លាំងពលកម្មរបស់កម្មករកម្មការិនី ដូចជាបង្ខំឲ្យធ្វើការថែមម៉ោង ដោយគ្មានការស្មគ្រចិត្តពីកម្មករកម្មការិនី ដូចជានៅថ្ងៃបុណ្យឈប់សម្រាកជាដើម។
ជុំវិញការធ្វើកូដកម្មរបស់កម្មករកម្មការិនី និងការលើកឡើងរបស់ក្រុមកម្មករខាងលើនេះ អ្នកយកព័ត៌មាននគរវត្តមិនអាចរកការបកស្រាយពីតំណាងរោងចក្របានទេ ដោយសារនៅពេលមានកូដ កម្មរបស់កម្មករកម្មការិនីកើតឡើង សូម្បីតែទ្វាររោងចក្រក៏ត្រូវបានបិត មិនឲ្យមានអ្នកចេញចូលនោះដែរ។
យ៉ាងណាក៏ដោយលោក យូវ ខេមរា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ បានឲ្យដឹងតាមទូរស័ព្ទ នៅព្រឹក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ថា លោកកំពុងស្ថិតនៅឯភ្នំពេញ ដើម្បីមកចូលរួមប្រជុំ តែករណីកម្មករកម្មការិនីធ្វើកូដកម្ម នៅរោងចក្រខាងលើនេះ មន្ត្រីរបស់លោកបាន ចូលទៅរោងចក្រនោះហើយ ដើម្បីរកដំណោះស្រាយជូនកម្មករកម្មការិនី។
ចំពោះដំណោះស្រាយយ៉ាងណានោះ គេនៅមិនទាន់ដឹងនៅឡើយទេ តែកម្មករកម្មការិនីសង្ឃឹមថា ថៅកែរោងចក្រប្រាកដជាទទួលយកការទាមទាររបស់ពួកគេ ព្រោះការទាមទារមិនមានអ្វីធ្ងន់ធ្ងរពិបាកដោះស្រាយ ម្យ៉ាងឲ្យមានការគោរពច្បាប់ការងាររបស់ប្រទេសកម្ពុជាផង៕ ឆ្លាមសមុទ្រ