ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរភ្ជង់វាយប្លន់អាជីវករលក់គ្រឿងអលង្ការ នៅផ្សារពងទឹក រួចគេចខ្លួនបាត់

ចែករំលែក៖

ខេត្តកែប ៖ ក្រុមចោរបានប្រើកាំភ្លើងខ្លីភ្ជង់វាយប្លន់អាជីវករលក់គ្រឿងអលង្ការ និងទូរស័ព្ទនៅផ្សារពងទឹក ស្ថិតនៅភូមិ-ឃុំពងទឹក ស្រុកកំណាក់ចង្អើរ ខេត្តកែប រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។

ករណីប្លន់អាជីវករនៅផ្សារពងទឹកនេះ បានកើតឡើងនៅវេលាម៉ោងជិត៧យប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិ-ឃុំខាងលើ រួចក្រុមចោរបានជិះម៉ូតូសំដៅចូលទៅខេត្តកំពត។

មន្ត្រីនគរបាលមូលដ្ឋានឲ្យដឹងថា អាជីវករដែលត្រូវក្រុមចោរប្លន់យកគ្រឿងអលង្ការនិងទូរស័ព្ទ ដែលដាក់តាំងលក់នោះ ឈ្មោះ លួន ភេទប្រុស អាយុប្រហែលជាង៤០ឆ្នាំ ត្រូវចោរវាយនឹងស្នាប់កាំភ្លើង បណ្តាលឲ្យបែកមាត់ គ្រាដែលជនរងគ្រោះមានបំណងតដៃក្រុមចោរ។

តាមជនរងគ្រោះឲ្យដឹងថា ក្រុមចោរមានគ្នា៣នាក់ ជិះម៉ូតូស្កុពី១គ្រឿង ប្រដាប់ដោយកំាភ្លើងខ្លី បានជិះម៉ូតូមកឈប់ពីមុខទូលក់គ្រឿងអលង្ការនិងទូរស័ព្ទរបស់គាត់។ បន្ទាប់មកជនសង្ស័យម្នាក់ ដែលជិះម៉ូតូពីខាងក្រោយចូលមកភ្ជង់ជនរងគ្រោះ រួចវាយបំបែកទូកញ្ចក់ ហើយប្រមូលយកគ្រឿងអលង្ការ និងទូរស័ព្ទដាក់ចូលក្នុងស្បោងខ្មៅ រួចក៏រត់ឡើងជិះម៉ូតូចេញទៅដោយសុវត្ថិភាព។

បើតាមប្រភពនៅកន្លែងកើតហេតុគេបានឲ្យដឹងថា ចោរបានវាយទៅលើជនរងគ្រោះ បណ្តាលឲ្យបែកក្បាល និងមាត់ដោយកំាភ្លើងខ្លីគ្រាដែលជនរងគ្រោះរារាំងចង់តដៃជាមួយនឹងក្រុមចោរ ដែលក្រោកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

ជុំវិញករណីប្លន់អាជិវករលក់ដូរនៅផ្សារពងទឹកនេះដែរ ជនរងគ្រោះនៅពុំទាន់បញ្ជាក់ឲ្យ ដឹងពីចំនួនគ្រឿងអលង្ការនិងទូរស័ព្ទ ដែលក្រុមចោរប្រមូលយកទៅនោះ មានចំនួនទឹកប្រាក់ប៉ុន្មាននោះទេ ខណៈដែលក្រោយកើតហេតុ នគរបាលស្រុកតំណាក់ចង្អើរ បានសហការជាមួយនឹងនគរបាលខេត្តកែប ពន្លៀតដែនសមត្ថកិច្ចសហការជាមួយនឹងនគរបាលខេត្តកំពត ដើម្បីតាមចាប់ខ្លួនក្រុមចោរប្លន់ខាងលើនេះ។

គួរបញ្ជាក់ថា កន្លងទៅនៅក្នុងខេត្តកែបមានករណីប្លន់ ជាបន្តបន្ទាប់ ប៉ុន្តែបានស្ងប់ស្ងាត់មួយរយៈធំ បើទោះបីជាការបង្ក្រាបរបស់សមត្ថកិច្ចនៅមានកម្រិតក៏ដោយ។ ប៉ុន្តែមកដល់ពេលនេះ ករណីប្លន់បានកក្រើកឡើងវិញ ធ្វើឲ្យមានក្តីបារម្មណ៍ពីសន្តិសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋជាខ្លាំង ពិសេសអាជីវករលក់គ្រឿងអលង្ការ ប្តូរប្រាក់និងកន្លែងវេលុយផ្សេងៗ។

បញ្ហាសន្តិសុខនេះ សមត្ថកិច្ចគួរតែបង្កើតការការពារសន្តិសុខឲ្យបានប្រសើឡើងវិញ ដើម្បីឆ្លើយតប ទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថកិភាព៕ លី ហ៊ាង

 

dw

សមត្ថកិច្ចចុះដល់កន្លែងកើតហេតុសាកសួរព័ត៌មាន

 

ee

ជនរងគ្រោះបាត់បង់ទ្រព្យសម្បត្តិ និងគ្រឿងអាលង្ការ


ចែករំលែក៖