ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរាជធានី អំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ

ចែករំលែក៖

ភ្នំពេញ៖  អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្សបានបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតនៅលើក នេះជាការបោះឆ្នោតដែលមានភាពត្រឹមត្រូវ និងមានតម្លាភាព ដូច្នេះ ហើយលោកអំពាវនាវអោយប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នា ដើម្បីមានសិទ្ធិគ្រប់គ្រាន់ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ និងចូលរួមបោះឆ្នោត សកលដែលនឹងប្រព្រឹត្តទៅនាឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខនេះបានរលូន ត្រឹមត្រូវ យុត្ដិធម៌ ។

លោកអភិបាលរាជធានីមាន ប្រសាសន៍លើកឡើងបែបនេះ កាលពីព្រឹកថ្ងៃទី០១ កញ្ញា ឆ្នាំ២០១៦  ខណៈ លោកអញ្ជើញជាពលរដ្ឋគំរូ ទៅចុះឈ្មោះបោះឆ្នោតនៅ ទីស្នាក់ការសង្កាត់និរោធ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។

លោកអភិបាលរាជធានីបានបន្តថា៖  ថ្ងៃទី១កញ្ញា ឆ្នាំ២០១៦នេះ ជាថ្ងៃតំបូង ដែលនៅគ្រប់សង្កាត់នៅក្នុងរាជធានីភ្នំពេញចាប់ផ្តើមបើកការចុះឈ្មោះបោះឆ្នោតជាថ្មីឡើងវិញ ។នេះជាការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតមួយដ៏ល្អ ជាការចាប់ផ្តើមមួយដ៏ល្អ ត្រឹមត្រូវច្បាស់លាស់និងមានតម្លាភាព។

លោកប៉ា សុជាតិវង្ស ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុ និងមានសិទ្ធិក្នុងការបោះឆ្នោតអញ្ជើញទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នានៅតាមសង្កាត់ដែលបងប្អូនស្នាក់នៅ ។ នេះជាសិទ្ធិ និងជាកាតព្វកិច្ចរបស់យើងជាប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងការចូលរួមក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាសង្កាត់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និងឈានទៅដល់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅឆ្នាំ២០១៨ ខាងមុខទៀតផង។
លោកប៉ា សុជាតិវង្ស ក៏បានស្នើសុំអោយមានការសហការគ្នាអោយបានល្អរវាងរដ្ឋបាលសង្កាត់ អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ច ក្នុងកិច្ចការពារអោយមានសណ្តាប់ធ្នាប់ សុវត្ថិភាពល្អ ប្រសើរ បង្កលក្ខណៈអោយការចុះឈ្មោះបោះឆ្នោតនេះ ប្រកបដោយភាពត្រឹមត្រូវ ។

លោកបន្តទៀតថា បើប្រៀបធៀបទៅនឹងការចុះឈ្មោះបោះឆ្នោតកាលពីសម័យអុ៊ន តាក់នោះឃើញថា ការចុះឈ្មោះបោះឆ្នោតលើកនេះជាការចុះឈ្មោះបោះឆ្នោតដែលមានលក្ខណៈប្រាកដប្រជាជាង ដោយកាលណោះវាជាការចាប់ផ្តើមតំបូង ធ្វើអោយប្រជាពលរដ្ឋមួយចំនួនទៅចុះឈ្មោះបោះឆ្នោតជាច្រើនកន្លែង និងការពិនិត្យមិនទាន់បានដិតដល់ជាដើម ។ តែសម្រាប់ការចុះឈ្មោះបោះឆ្នោតលើកនេះ គណៈគម្មាធិការរៀបចំការបោះឆ្នោតបានកែប្រែចំណុចខ្វះខាតកន្លងមកនោះអស់ហើយ មិនមានអ្វីដែលខ្វះខាតទៀតនោះទេ ។

គួរបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ផ្ដើមការងាររបស់ខ្លួនក្នុងចុះឈ្មោះបោះឆ្នោតនេះចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមសាលាឃុំ សង្កាត់ ក្នុងម៉ោងធ្វើការ ដោយមិនគិតថ្ងៃសោរ៍ និងអាទិត្យនោះទេ ៕ សំិរត

image9 image8 image7 image5 image4 image3 image2 image1 image10
សូមអានបន្ត ៖ ជាងផ្សាដែកម្នាក់ត្រូវចរន្តអគ្គិសនីឆក់បណ្ដាលឲ្យធ្លាក់ពីលើផ្ទះមកដល់ដីរងរបួសធ្ងន់


ចែករំលែក៖