ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំធុំក្លិនមិនស្រួល

ចែករំលែក៖

ប្រភពបានបង្ហើបថា លោក ស្រី ស៊ីន ជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ និងលោក ឡាយ សុខៃ ប្រធានការិយាល័យគណនេយ្យ បានឃុបឃិតគ្នាកេងប្រវ័ញ្ចថវិការដ្ឋតាមគ្រប់រូបភាព ធ្វើឲ្យជីវភាពរស់នៅរបស់ពួកគេធូរធារយ៉ាងខ្លាំង។ ដូច្នេះថ្នាក់លើមិនគួរបណ្ដោយឲ្យលោក ស្រី ស៊ីន និងលោក ឡាយ សុខៃ ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយតទៅទៀតឡើយ ហើយអង្គភាពប្រឆាំងអំពើពុករលួយ ក៏គួរបើកការស៊ើបអង្កេតជាបន្ទាន់ផងដែរ។

មន្ត្រីមន្ទីរសុខាភិបាលខេត្តកំពង់ធំបានបង្ហើបថា កាលពីឆ្នាំ២០១៤ មានទឹកប្រាក់ប្រមាណ៨០០លានរៀល និងឆ្នាំ២០១៥ មានទឹកប្រាក់មិនតិចជាង៣០០លានរៀលត្រូវបានបាត់បង់ ក្រោមចំណាត់ការរបស់លោក ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាល និងលោក ឡាយ សុខៃ ជាប្រធានការិយាល័យគណនេយ្យ នៃមន្ទីរសុខាភិបាល ។

ប្រភពបានឲ្យដឹងទៀតថានៅឆ្នាំ២០១៤ មន្ទីរសុខាភិបាលខេត្តកំពង់ធំ ចំណាយថវិកាសរុបអស់រហូតដល់ទៅ៩២៧១លានរៀលស្មើនឹង៩២,៦ភាគរយនៃ គម្រោងថវិកាជាតិ ដោយក្នុងនោះចំណាយលើបុគ្គលិកចំនួន៦.៣៤០លានរៀល ចំណាយលើការទិញសម្ភារផ្សេងៗ១៦៩៧លានរៀល ចំណាយខាងក្រៅសម្រាប់ថែទាំជួសជុលអស់៤៨៤លានរៀល និងចំណាយលើសេវាផ្សេងៗអស់៣៤៨លានរៀល ព្រមទាំងចំណាយលើរបបអាហាររបស់អ្នកសម្រាកក្នុងមន្ទីរពេទ្យអស់៣៩៨លានរៀល។

ប្រភពដែលស្និទ្ធនឹងលោក ស្រី ស៊ីន បានឲ្យដឹងថា ចំណាយខាងលើគឺជាតួលេខរបស់លោក ស្រី ស៊ីន និងលោក ឡាយ សុខៃ ដកថវិការដ្ឋមកប្រើប្រាស់តែប៉ុណ្ណោះ ហើយអាចមានការបំប៉ោងតួលេខយ៉ាងច្រើនដើម្បីកេងប្រវ័ញ្ចថវិការដ្ឋផងដែរ ព្រោះពួកគេឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្ត។ ចំណែកនៅឆ្នាំ២០១៥លោក ស្រី ស៊ីន និងលោក ឡាយ សុខៃ បានធ្វើបញ្ជីចំណាយដោយកេងប្រវ័ញ្ចថវិការដ្ឋមិនតិចជាង៣០០លានរៀននោះទេ ព្រោះទឹកប្រាក់ចំណាយសរុបក្នុងឆ្នាំ២០១៥ មាន៩២៣២លានរៀលស្មើនឹង៨០,៦៩ភាគរយ។ ដូច្នេះហើយទើបលោក ស្រី ស៊ីន និងលោក ឡាយ សុខៃ កំពុងក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដមនៅក្នុងខេត្តកំពង់ធំ ។ ចំណែកមន្ត្រីក្រោមឱវាទក្រៅពីប្រាក់ខែ គឺរកតែលុយចាក់សាំងម៉ូតូជីកមកធ្វើការក៏លំបាកដែរ ៕


ចែករំលែក៖