ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងជួបសមភាគីរុស្ស៊ី នៅអារ៉ាប៊ីសាអ៊ូឌីត

ចែករំលែក៖

សេចក្តីថ្លែងការណ៍នេះបានកើតឡើងខណៈដែលប្រធានសេតវិមានបានព្យាយាមជំរុញឱ្យមានការបញ្ចប់យុទ្ធនាការយោធាពិសេសរបស់ក្រុងម៉ូស្គូនៅក្នុងប្រទេសជិតខាងអ៊ុយក្រែន។ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃទី១២ ខែកុម្ភៈថា លោកនឹងជួបប្រជុំលើកដំបូងជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅប្រទេសអារ៉ាប៊ីសាអូឌីត។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន លោកប្រធានាធិបតី Trump បានបញ្ជាក់ថា «យើងនឹងជួបនៅប្រទេសអារ៉ាប៊ីសាអូឌីត»។ ការផ្លាស់ប្តូរនេះបានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីលោក Trump បាននិយាយថាមេដឹកនាំទាំងពីរបាននិយាយគ្នាតាមទូរស័ព្ទ និងបានយល់ព្រមចាប់ផ្តើមការចរចាសន្តិភាពលើអ៊ុយក្រែនភ្លាមៗ ដែលជាការបំបែកភាពជាប់គាំង ក្នុងទំនាក់ទំនងរវាងមហាអំណាចទាំងពីរដែលអាចទុកឱ្យអ៊ុយក្រែនមានអារម្មណ៍ថាត្រូវបានបោះបង់ចោល។
លោក Trump បានសាទរការហៅទូរស័ព្ទនេះថាជា “រយៈពេលវែង និងមានផលិតភាពខ្ពស់” ដែលក្នុងនោះមេដឹកនាំទាំងពីរបានយល់ព្រមជួបប្រជុំគ្នាដើម្បីដោះស្រាយការបង្កកដ៏ជ្រៅនៅក្នុងទំនាក់ទំនងទ្វេភាគីចាប់តាំងពីជម្លោះអ៊ុយក្រែនបានផ្ទុះឡើងក្នុងឆ្នាំ 2022 ។
វិមានក្រឹមឡាំងបាននិយាយថា ការសន្ទនានេះមានរយៈពេលជិតមួយម៉ោងកន្លះ ហើយភាគីទាំងពីរបានយល់ព្រមថា “វាដល់ពេលដែលត្រូវសហការគ្នាហើយ” ។
ក្រោយមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានព្យាករណ៍ថា នឹងមានបទឈប់បាញ់នៅអ៊ុយក្រែន ក្នុង “អនាគតដ៏ខ្លីខាងមុខ” ។
លើសពីនេះ លោក Trump បានសង្កត់ធ្ងន់ថា ការចូលរួមរបស់អ៊ុយក្រែនជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) គឺ “មិនអាចទៅរួច” ដែលជាចំណុចសំខាន់នៃការខ្វែងគំនិតគ្នាក្នុងជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី៕

ដោយ៖ ធីរីណា


ចែករំលែក៖