ប្រធានាធិបតីប្រេស៊ីលលោកស្រី Dilma Rousseff ត្រូវបានព្រឹទ្ធសភាបញ្ចប់តំណែងក្រោយការចោទសួរនិងផ្តន្ទាទោសនៅក្នុងរដ្ឋសភាបញ្ចប់ការកាន់តំណែងរយៈពេល១៣ឆ្នាំរបស់គណបក្សពលករនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។
កាលពីថ្ងៃទី៣១ ខែសីហា សមាជិក ព្រឹទ្ធសភាប្រេស៊ីលបានបោះឆ្នោតគាំទ្រដកតំណែងប្រធានាធិបតីពីលោកស្រី Dil-ma Rousseff ក្រោយពេលលោកស្រីទទួលរងការចោទប្រកាន់ពីបទបំពានច្បាប់មូលនិធិនិងអំពើពុករលួយ។ លោកស្រីនឹងត្រូវហាមមិនឲ្យចូលប្រឡូកក្នុងឆាកនយោបាយរយៈពេល៨ឆ្នាំផងដែរ។
អនុប្រធានាធិបតីលោក Michel Temer នឹងឡើងកាន់តំណែងប្រធានាធិបតីជំនួសលោកស្រីរូសេហ្វរហូតដល់បញ្ចប់អាណត្តិ។ លោក Temer ជាមេដឹកនាំគណបក្សប្រជាធិបតេយ្យប្រេស៊ីលបានសន្យាថានឹងដឹកនំាប្រេស៊ីឲ្យរួចផុតពីវិបត្តិនយោបាយ និងសេដ្ឋកិច្ចនាពេលនេះ។
ការបោះឆ្នោតកាលពីថ្ងៃពុធកន្លងមកគឺជាការបញ្ចប់ការចោទប្រកាន់ទោសទៅលើលោកស្រីប្រធានាធិបតីអូសបន្លាយជាច្រើនខែកន្លងមក ។ កាលពីថ្ងៃទី១២ ខែ ឧសភាលោកស្រីរូសេហ្វ ត្រូវបានសភាព្យួរអភ័យឯកសិទ្ធិដើម្បីចោទប្រកាន់ទោទៅលើលោកស្រី។
ការសម្រេចរបស់ព្រឹទ្ធសភាគឺជាការភ្ញាក់ផ្អើលមួយសម្រាប់លោកស្រីរូសេហ្វនិងគណបក្សពលករកាន់អំណាចជាង១៣ឆ្នាំកន្លងមក ។ កន្លងមកលោកស្រី រូសេហ្វបានសន្យាថានឹងមិនបំពានច្បាប់ទៀតឡើយ។
នៅពេលដែលសភាចោទសួរនោះលោកស្រីរូសេហ្វចាត់ទុកថា គឺជាការធ្វើរដ្ឋ ប្រហារ ។ សមាជិកសភាមួយរូបឈ្មោះ Caiado បញ្ជាក់ថា ការចោទប្រកាន់ទោសទៅលើលោកស្រីគឺជាការចង់បានរបស់ពលរដ្ឋទាំងមូល។ ការចោទប្រកាន់ទោសនោះដោយសារតែពលរដ្ឋប្រេស៊ីលរហូតដល់៩០ភាគរយ មិនចង់ឲ្យគណបក្សពលករកាន់អំណាចទៀតឡើយ៕ ម៉ែវ សាធី
សូមអានបន្ត ៖ អធិការបតីអាល្លឺម៉ងនឹងប្រឈមបញ្ហាក្រោយស្វាគមន៍ជនភៀសខ្លួនចូលទឹកដីរបស់ខ្លួន