ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការវាយតម្លៃនៃការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សិក្ខាសាលានេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល និងតំណាងរាជធានី ខេត្ត ទាំង២៥ សរុបចំនួន៨៤នាក់។ សិក្ខាសាលានេះមានគោលបំណងវាយតម្លៃលើសមិទ្ធិផលដែលបានអនុវត្តកន្លងមក និងចែករំលែកទិន្នន័យ ដើម្បីស្វែងយល់ពីផលប៉ះពាល់ជាក់ស្តែង។ សិក្ខាសាលានេះ ក៏ជាវេទិកាមួយសម្រាប់ប្រមូលធាតុចូលក្នុងការតាក់តែងគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០២៦-២០៣៥ ដើម្បីឱ្យកាន់តែឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្នរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ អរុណរះ