ខេត្តមណ្ឌលគិរី ៖ រថយន្តឡិចស៊ីស RX400 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB–4369 ដែលផ្ទុកឈើប្រណិត ប្រភេទឈើធ្នង់ នៅក្នុងរថយន្តចំនួន១៤ដុំ ត្រូវបានកម្លាំងឧទ្យានុរក្សបរិស្ថាន និងកម្លាំងសមត្ថកិច្ចបានចុះបង្រ្កាបបានកាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខណះឈ្មួញបានយកមកចតលាក់ទុកបំរ៉ុងដឹកទៅលក់ ។
ការចុះបង្រ្កាប់រថយន្តដឹកឈើប្រណិតខុសច្បាប់ខាងលើនេះ ដឹកនាំដោយ លោក ហាន សាខន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងដោយមានការសហការជាមួយប៉ូលិសសេដ្ឋកិច្ចក្រសួង កម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំងផងដែរ បច្ចុប្បន្នរថយន្ត និងឈើប្រណិតចំនួន១៤ដុំត្រូវបានបញ្ជូនទៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីចាត់ការទៅតាមនិតិវិធីនៃច្បាប់ ។
លោក ហាន សាខន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានអោយដឹងថា ក្រោយពីរថយន្តបង្ក្រាបបាននេះមានផ្ទុកឈើប្រណិតខុសច្បាប់រួចក៏បានបើកយកមកលាក់ទុកនៅក្រោយផ្ទះប្រជាពលរដ្ឋ រងចាំឱកាសល្អមកដល់ទើបបើកចេញយកទៅលក់អោយពួកឈ្មួញនៅតាមបន្ទាត់ព្រំដែននៃស្រុកកែវសីមា ប៉ុន្តែត្រូវបានកម្លាំងរបស់លោក និងកម្លាំងសមត្ថកិច្ចចុះបង្រ្កាបបានទាន់ពេលវេលា ហើយចំណែកអ្នកបើកបររថយន្តវិញ បានរត់គេចខ្លួនបាត់ ដោយដឹងខ្លួនមុន ។
ប្រភពពីក្រុមឈ្មួញតូចតាចបានបង្ហើបឲ្យដឹងថារថយន្ដខាងលើនេះត្រូវបានគេស្គាល់ម្ចាស់ មានឈ្មោះ ប្រុស ជារបស់មន្ត្រី ប៉េអឹម មកពីភ្នំពេញ ដែលមានឥទ្ធិពលម្នាក់មករកស៊ីនៅចំណុចច្រកអណ្ដូងក្រឡឹងនេះជាយួខែមកហើយ គាត់បានបន្តថាមូលហេតុឈានដល់កាចាប់បង្ក្រាបខាងលើនេះមកពីមេឈ្មួញនោះបានប្រើតួនាទីនឹងអំណាចរបស់ខ្លួនមិនបង់លុយក្បាលឡានឲ្យសមត្ថកិច្ចជំនាញនៅតាមដងផ្លូវទើបរាយការណ៍ប្តឹងអោយចាប់តែម្តង ។
ប្រភពដដែលបានបន្តថានៅមានមេឈ្មួញប្រមូលទិញពីប្រជាពលរដ្ឋយ៉ាងសកម្មពីនាក់ទៀត ដែលមានតួនាទីជាទាហានដឺបេអគ្គបញ្ជាការប្រចាំខេត្តមណ្ឌលគិរីដែលគេដឹងថាដៃម្ខាងដកតុងនិងដែម្ខាងប្រមូលទិញឈើល្មើសច្បាប់ពីប្រជាពលរដ្ឋហើយបើសិនប្រជាពលរដ្ឋណាដឹកមកមិនលក់អោយគឺគាត់ប្តឹងនិងគំរាមចាប់ ៕ ឦសាន