ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ មេខ្លោងជនជាតិចិនក្នុងករណីឃាតកម្មសម្លាប់នារីខ្មែរម្នាក់រួចយកសពទៅកប់ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានហើយ

ចែករំលែក៖

ភ្នំពេញ៖ មេខ្លោងជនជាតិចិនក្នុងករណីឃាតកម្មសម្លាប់នារីខ្មែរម្នាក់ រួចយកសពទៅកប់នៅក្បែរផ្សារអ៉ីអន៣ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានហើយ។ ករណីឃាតកម្មនេះ មានមេខ្លោងម្នាក់ និងអ្នកពាក់ព័ន្ធពីរនាក់ សរុប៣នាក់ត្រូវចាប់ខ្លួនបានទាំងអស់។

   មេខ្លោងនៃអំពើឃាតកម្មសម្លាប់នារីម្នាក់នេះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅក្រុងបាវិត ខេត្តស្វាយរៀង ដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំសហការស្រាវជ្រាវ។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ ទឹម សុភី អាយុ៤៥ឆ្នាំ ពាក់ព័ន្ធករណីបាត់កូនស្រីឈ្មោះ ហេង សៀវលី អាយុ១៨ឆ្នាំ។

    ដោយអនុវត្តតាមបទបញ្ជារបស់់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវតាមនីតិវិធីនិងជំនាញ រហូតប្រទះឃើញសាកសពនារីម្នាក់ដែលមានភិនភាគដូចនឹងនារីរងគ្រោះ ដែលសង្ស័យជាករណីឃាតកម្ម ត្រូវបានគេកប់ក្នុងដីខ្សាច់ក្បែរផ្សារទំនើប Aeon3 ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។

ភ្លាមៗនោះកម្លាំងជំនាញបានបន្តស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យ២នាក់ឈ្មោះ CHEN CONG អាយុ៣០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EM2676148 នៅចំណុចអគារព្រីនស៍ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (សង្សារនារីរងគ្រោះ) និងឈ្នោះ LI HAOHAO ភេទប្រុស ជនជាតិចិន អាយុ៣៤ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EB2013601 នៅត្រង់ស្ពានអាកាសសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

    ក្រោយពីការសាកសួរអ្នកទាំងពីរបានសារភាពថា ពួកខ្លួនពិតជាបានចូលរួមក្នុងសកម្មភាពសម្លាប់នារីរងគ្រោះខាងលើមែន កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានឈ្មោះ YANG KAIXIN ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែន EL4710161 (ចាប់ខ្លួននៅថ្ងៃទី៥ ខែមីនា) ជាអ្នករៀបចំគម្រោងសម្លាប់នារីរងគ្រោះ ដោយមូលហេតុនារីរងគ្រោះបានដឹងរឿងសម្ងាត់របស់ពួកខ្លួន។ ប្រតិបត្តិការនេះធ្វើឡើងដោយមានកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

   បច្ចុប្បន្នជនង្ស័យទាំងបីនាក់និងវត្ថុតាង ដែលដកហូតបាន ត្រូវបាននាយកដ្ឋានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖