ភ្នំពេញ៖ បន្ទាប់ពីទទួលបានការឯកភាពពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅលើសំណើរបស់លោកទេសរដ្ឋ មន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសា ធារណការនិងដឹកជញ្ជូនក្នុងការដាក់ឲ្យមានក្រុមការងារចល័តដើម្បីត្រួតពិនិត្យរថយន្តដែលដឹកលើសទម្ងន់ឡើងវិញនោះមកបច្ចុ ប្បន្នក្រុមការងារនេះកំពុងតែធ្វើការងារយ៉ាងសកម្មក្រោមការដឹកនាំរបស់លោក សេង ឈួន អនុ រដ្ឋលេខាធិការក្រសួងសាធារណ ការនិងដឹកជញ្ជូននិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់។
លោក ឯក រដ្ឋ សមាជិកលេខាធិការ ដ្ឋាននៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសកំណត់បានបញ្ជាក់ថា ចាប់តាំងពីអនុវត្តការត្រួតពិនិត្យរថយន្តដឹកលើសកំណត់មកក្រុមការងារចល័តបានចុះធ្វើការត្រួតពិនិត្យបានចំនួន ២លើកហើយដោយលើកទី១គឺនៅផ្លូវជាតិលេខ៤៤ ខេត្តកំពង់ស្ពឺ និងលើកទី២ គឺនៅផ្លូវលេខ២១៧ក្នុងខណ្ឌដង្កោរាជធានី ភ្នំពេញ។
បើតាមលោក ឯក រដ្ឋ ក្រៅពីការចុះ ត្រួតពិនិត្យរថយន្តដែលដឹកលើសទម្ងន់ហើយក្រុមការងារចល័ត នឹងចាប់ផ្តើមការងារកាត់ទ្រុងរថយន្តដែលកែច្នៃខុសបច្ចេកទេសបន្តទៀត នៅថ្ងៃទី៩ ខែកញ្ញានេះ ។
គួរបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០១៦នេះ ក្រុមការងារចល័ត បានធ្វើការឃាត់រថយន្តដឹកលើសទម្ងន់ ចំនួន៤៤គ្រឿងនៅលើកំណាត់ផ្លូវជាតិ លេខ២១៧ ស្ថិតក្នុងភូមិព្រែកកំពិស សង្កាត់ ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងចំណោមរថយន្តទាំងនោះមាន៣៩ គ្រឿងដឹកលើសទម្ងន់កំណត់ចាប់ពី៤តោនរហូតដល់៣៤តោនដែលនឹងត្រូវផាកពិន័យទៅតាមច្បាប់ ។ ចំណែករថយន្ត៥គ្រឿង ទៀតមិនបានផាកពិន័យទេដោយសារតែ រថយន្តទាំងនោះដឹកលើសទម្ងន់ក្រោម កម្រិត៥ភាគរយ៕ សហការី