ភ្នំពេញ៖ ស្រ្តីម្នាក់បានរងរបួសត្រង់កញ្ចឹង.កដោយសារបុរសម្ម្នាក់បានយកកាំបិតប៉័ងតោទៅកាប់ដល់ក្នុងផ្ទះរបស់ខ្លួន។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិត្រពាំងទួលសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កមានឈ្មោះ ទឹម ញុឹប អាយុ៤៩ឆ្នាំ មុខរបរលក់ដូរនៅផ្ទះជួល ក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តកំពង់ចាម។
ចំណែកស្រី្តរងគ្រោះឈ្មោះ វិត សុភី អាយុ៤៦ឆ្នាំ មុខរបរលក់ដូរចាប់ហួយនៅផ្ទះ បច្ចុប្បន្នរស់នៅផ្ទះកេីតហេតុ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញជនបង្កត្រឡប់មកពីផឹកស៊ីខាងក្រៅវិញស្រវឹងជោកក៏បានរករឿងឈ្លោះជាមួយប្រពន្ធកូនដេញវាយកូនៗរត់ចែកជេីងគ្នាផ្អេីលគេចចូលពួនជ្រកតាមផ្ទះអ្នកជិតខាង ។ បន្ទាប់មកស្រាប់តែបុរសជាជនសង្ស័យខាងលើបានទៅយកកាំបិតប៉័ងតោកាន់ចូលទៅកាប់ស្រ្ដីរងគ្រោះដល់ក្នុងផ្ទះដែលនៅផ្ទះទល់មុខគ្នាកំពុងតែអង្គុយមេីលកូនហូបបាយទាំងមិនដឹងខ្លួនបណ្ដាលឲ្យរងរបួសមុតស្មាមួយកាំបិតភ្លាមៗនោះដែរបានពលរដ្ឋនៅទីនោះនាំគ្នាជួយចាប់ឃាត់ជនបង្ក រួចរាយការណ៍ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ធ្វើការឃាត់ខ្លួនជនដៃដល់នាំយកទៅប៉ុស្តិ៍ដេីម្បីសាកសួរ។ចំណែកស្រ្តីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងតាមក្រោយផងដែរ។ ប្រភពដដែលបានបន្តទៀតថា កាលពីប៉ុន្មានខែមុនជនរងគ្រោះនិងក្រុមគ្រួសារជនបង្កធ្លាប់មានរឿងរ៉ាវឈ្លោះប្រកែកគ្នាម្ដងរួចមកហើយរឿងកាប់មែកឈើបោះដាក់គ្នា ដោយខាងជនបង្កចោទប្រកាន់ថាក្រុមគ្រួសាររងគ្រោះធ្វើអំពើដាក់មកលើគ្រូសាររបស់គាត់បានជាប្ដីប្រពន្ធចេះតែឈ្លោះប្រកែកគ្នារហូតមក។ ខណៈពេលដែលកេីតហេតុខាងលើជនបង្កគុំកួនក៏យកកាំបិតប័ុងតោទៅកាប់ស្រ្ដីរងគ្រោះតែម្ដង ។
បន្ទាប់ពីកេីតហេតុនិងបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះ ជនសង្ស័យនិងមានវត្ថុតាងត្រូវបានសមត្ថកិច្ចមូលដ្ឋានបញ្ជូនខ្លួនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌកំបូលដេីម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ជ្រោយពេជ្រ