ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តពោធិ៍សាត់ជូនដំណឹងស្ដីពីការរៀបចំតំបន់អន្ទង់អាំង (ភ្នំ១៥០០) ឱ្យទៅជាតំបន់បៃតង ក្នុងស្រុកវាលវែង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់មានកិត្តិយសសូមជម្រាបជូនប្រជាពលរដ្ឋដែលមិនព្រមចាកចេញពីតំបន់អន្ទង់អាំង (ភ្នំ១៥០០) ក្នុងភូមិសាស្ត្រភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជ្រាបថា៖ ដើម្បីអនុវត្តតាមស្មារតី នៃលិខិតលេខ ៧៨៥ សជណ និងលិខិតលេខ១១០០ សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រីឱ្យមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលខេត្តសូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងតំបន់អន្ទង់អាំង (ភ្នំ១៥០០) ដូចខាងក្រោម៖

១. កំណត់ពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ ឱ្យលោក/លោកស្រី ដែលរស់នៅក្នុងតំបន់ហាមឃាត់ ធ្វើការរុះរើ និងចាកចេញពីតំបន់អន្ទង់អាំង ដោយខ្លួនឯង។

២. ក្នុងករណីផុតពេលកំណត់ បើលោក/លោកស្រីនៅតែមិនព្រមរុះរើ និងចាកចេញដោយខ្លួនឯងនោះទេ រដ្ឋបាលខេត្តនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតទ្រព្យសម្បត្តិ សម្ភារដែល មានតម្លៃ និងផលប្រយោជន៍ផ្សេងៗរបស់ លោក/លោកស្រី នោះឡើយ។

៣.ជាមួយនេះ លោក/លោកស្រី ត្រូវប្រឈមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ដែលបានកំណត់ក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ តាមមាត្រា៨៥០ 

ដែ់លបានចែងថា៖ “ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ៥(ប្រាំ)ឆ្នាំ និង ពិន័យជាប្រាក់ពី១០០ ០០០ ០០០ (មួយរយលាន) រៀល ទៅ ៥០០ ០០០ ០០០ (ប្រាំរយលាន) រៀល”។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋដែលមិនព្រមចាកចេញទាំងអស់ជ្រាបជាព័ត៌មាន និងអនុវត្តឱ្យបានទាន់ពេលវេលា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

ដោយ ៖ សិលា


ចែករំលែក៖