ព័ត៌មានទាន់ហេតុការណ៍៖

ពីអ្នកប្រើប្រាស់ទៅជាអ្នកជួញដូរគ្រឿងញៀន ស្រ្តីជិតរួចទោសម្នាក់ លាតត្រដាងជីវិតផ្ទាល់ខ្លួន ដើម្បីជួយសង្គម!

ចែករំលែក៖

ភ្នំពេញ ៖ ផ្ដើមចេញពីការចង់សាក ចង់ដឹង ចង់ភ្លក់ និងការអូសទាញពីមិត្តភក្ដិ ស្រ្តីមានស្រុកកំណើតនៅខេត្តកំពង់ធំមួយរូបបានផុងខ្លួនក្លាយជាអ្នកសេពគ្រឿងញៀនដកខ្លួនលែងបាន រហូតទីបំផុតក្លាយជាអ្នកចែកចាយគ្រឿងញៀនតែម្ដង។ និយាយទាំងអារម្មណ៍ក្ដុកក្ដួល ស្រ្តីព្រាត់កូនរូបនេះ បានរៀបរាប់ប្រាប់មន្រ្តីព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផៃ្ទកាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្នុងកិច្ចសម្ភាសនៅបណ្ណាល័យពន្ធនាគាររាជធានីភ្នំពេញ (PJ) អំពីរបត់ជីវិតប្រកបដោយវិប្បដិសារី តាំងពីខ្លួននៅជាប្រពន្ធ ជាម្ដាយ និងជាកូនល្អ ដែលខំប្រឹងធ្វើការរកលុយចិញ្ចឹមកូន ចិញ្ចឹមឪពុកម្ដាយ រហូតក្លាយជាអ្នកទោស។ 

មានមាឌធំល្មម សមជាបុរស ស្រ្តីវ័យប្រមាណជាង២០ឆ្នាំរូបនេះ បានរម្លឹកថា ខ្លួនបានរាប់អានមិត្តភក្ដិដែលប្រើប្រាស់គ្រឿងញៀន និងបានចាញ់បោកការលួងលោមរបស់មិត្តភក្ដិ ធ្វើឱ្យផុងខ្លួនសេពគ្រឿងញៀនដកខ្លួនលែងរួច មិនត្រឹមតែប៉ុណ្ណោះក៏បានវិវត្តខ្លួនទៅជាអ្នកជួញដូរគ្រឿងអស់រយៈពេល១ឆ្នាំទៀត ទម្រាំសមត្ថកិច្ចឃាត់ខ្លួន។ និយាយទាំងអួលដើមក៏ ស្រ្តីរូបនោះ បានបន្តថា បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រឿងដំបូងដែលនឹកឃើញនោះ គឺកូនទាំង២នាក់ ប្ដី និងម្ដាយឪពុកជាទីស្រឡាញ់ ដែលតែងតែណែនាំ ទូន្មាន ប្រៀនប្រដៅឱ្យខ្លួនបញ្ឈប់សកម្មភាពសេពគ្រឿងញៀន ប៉ុន្តែខ្លួននៅតែមិនស្ដាប់ បែរជានៅតែប្រព្រឹត្ត ទាំងខ្លួនដឹងច្បាស់ថាមិនរួចខ្លួនពីសំណាញ់ច្បាប់។ បន្ទាប់ពីត្រូវបានតុលាការចេញសាលក្រមឱ្យជាប់ទោស២ឆ្នាំ ខ្លួននាងផ្ទាល់ក៏ចាប់ផ្ដើមភ្ញាក់ខ្លួននិងស្ដាយក្រោយកាន់តែខ្លាំងពីទង្វើដែលបានប្រព្រឹត្ត និងការមិនស្ដាប់បង្គាប់គ្រួសារ។ 

និយាយទាំងញ័រដៃផង ក្ដាប់ដៃផង នាងបានបន្ថែមទៀតថា ពេលបញ្ជូនមកដល់ពន្ធនាគារ ដំបូងនាងមានអារម្មណ៍ថាភ័យខ្លាចជាខ្លាំង ប៉ុន្តែមានមន្រ្តីពន្ធនាគារជួយអប់រំ ណែនាំ និងលើកទឹកចិត្តជាបន្តបន្ទាប់។ នាងបន្ថែមថា«ក្រោយពីបានទទួលបានការអប់រំពីអ្នកស្រី [មន្រ្តីពន្ធនាគារ] ខ្ញុំចាប់ផ្ដើមដឹងខ្លួន និងនឹកដល់អ្នកដែលខ្ញុំបានលក់គ្រឿងញៀន ខ្ញុំពិតជាសោកស្ដាកណាស់។ ដោយសារតែគ្រឿងញៀនបានធ្វើឱ្យខ្ញុំឃ្លាតឆ្ងាយពីក្រុមគ្រួសារ ពីកូន ប្ដី ជាពិសេសកំហុសដែលធ្ងន់បំផុតខ្ញុំបានចូលរួមអូសទាញដល់អ្នកដទៃទៀតឱ្យប្រើប្រាស់គ្រឿងញៀនដូចខ្ញុំដែរ។ នេះជាវិប្បដិសារីដែលខ្ញុំមិនអាចបំភ្លេច»។ 

តាមរយៈបទសម្ភាសជាមួយក្រុមការងារ នាងបានបង្ហាញក្ដីសង្ឃឹមថា«ការចែករំលែកនេះ សូមជាបទពិសោធន៍ទៅដល់ប្អូនៗ បងៗ ដែលកំពុង និងចាប់ផ្ដើមជួញដូរ និងប្រើប្រាស់គ្រឿងញៀនកុំយកគំរូតាមខ្ញុំ និងបញ្ឈប់សកម្មភាពទាំងនោះជាបន្ទាន់ បើមិនចង់ព្រាត់ប្រាស់គ្រួសារដូចខ្ញុំ គឺត្រូវកែប្រែខ្លួនបន្តិចម្ដងៗតាមរយៈការចូលរួមធ្វើសកម្មភាពល្អដែលសង្គមទទួលស្គាល់ កុំចង់សាក ចង់ដឹងដូចខ្ញុំអី វាមិនចំណេញដល់ខ្លួនទេ វាមានតែបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិតែប៉ុណ្ណោះ»។ 

«ឥឡូវនេះខ្ញុំបានផ្ដាច់គ្រឿងញៀនបានហើយ! ហើយខ្ញុំក៏នៅរង់ចាំតែ១៧ថ្ងៃទៀតប៉ុណ្ណោះ ខ្ញុំបានជួបក្រុមគ្រួសារ ជួបកូនខ្ញុំហើយ!»។ ភ្ជាប់នឹងការទទួលដំណឹងដ៏រីករាយនេះ នាងបានអះអាងយ៉ាងជឿជាក់ថា« ខ្ញុំសន្យាថាពេលចេញទៅវិញនឹងរកការងារស្របច្បាប់ធ្វើមិនប្រព្រឹត្តខ្លួនតាមកន្លងចាស់នោះទេ…»៕ 

សូមរង់ចាំទស្សនាកិច្ចសម្ភាសពិសេសរវាងក្រុមមន្ត្រីព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ និងស្ដ្រីខាងលើដែលនឹងចេញផ្សាយឆាប់ៗនេះ…!៕

ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ


ចែករំលែក៖