ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការតាមបណ្តាក្រសួង ស្ថាប័នបានចំនួន២០ រួចហើយដើម្បីសហការរៀបចំសិក្ខា សាលាស្តីពី «ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន»

ចែករំលែក៖

ភ្នំពេញ÷”ក្រសួង ស្ថាប័ននីមួយៗមានវិសេសភាពរៀងៗ ខ្លួន ទាំងបច្ចេកទេស នយោបាយ និងការងារប្រចាំថ្ងៃ។ ទោះបីជាយ៉ាងនេះក្តី ក្រសួង ស្ថាប័នទាំងអស់ គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលត្រូវដំណើរការនៅ ក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈរួមតែមួយ។” […] ការរួម គ្នាដោះស្រាយបញ្ហាត្រូវគិតគូរជាលក្ខណៈសត្យានុ ម័ត។” នេះជាសម្រង់ខ្លឹមសាររបស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងសិក្ខាសាលា«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន»។  

គិតត្រឹមថ្ងៃនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងសហការី បានអញ្ជើញជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការតាមបណ្តាក្រសួង ស្ថាប័នបានចំនួន២០ រួចមកហើយ។ ជំនួបនេះ ជាការសហការរៀបចំសិក្ខា សាលាស្តីពី «ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល តាមបណ្តាក្រសួង ស្ថាប័ននានា បានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ នៃភាពប្រទាក់ក្រឡាគ្នាកាន់តែល្អប្រសើរ។

ជារឿយៗ នៅក្នុងអង្គសិក្ខាសាលានាពេលកន្លងមក ឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវអភិក្រមរបស់រាជរដ្ឋាភិបាល លើការងារវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន ជាពិសេសការអនុវត្តស្របតាមអភិក្រម «ពង្រឹងជាជាងពង្រីក និងរៀបចំផ្ទះឱ្យរៀបរយ»។ លោក ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងរំលេចអំពីការសហការការងារជាមួយគ្នាយ៉ាងស្អិតរមួតរវាងក្រសួង ស្ថាប័ននីមួយៗជាមួយក្រសួងមុខងារសាធារណៈ ស្រប តាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ 

លោកឧបនាយករដ្ឋមន្ត្រី លើកឡើងដែរថា តាមរយៈបទ ពិសោធន៍នៃការសហការការងារគ្នា និងបទពិសោធន៍នៃការជួបផ្ទាល់ជាមួយក្រសួង ស្ថាប័នកន្លងមក ក្រុមការ ងារបានកត់សម្គាល់ និងស្វែងយល់ថាក្រសួង ស្ថាប័ន 

នីមួយៗសុទ្ធតែមានវិសេសភាព និងភាពចាំបាច់នៃការងាររៀងៗខ្លួន។ “ក្រសួង ស្ថាប័ននីមួយៗ មានវិសេសភាពរៀងៗខ្លួន ទាំងបច្ចេកទេស នយោបាយ និងកិច្ចការងារប្រចាំថ្ងៃ។ ទោះបីជាយ៉ាងនេះក្តី ក្រសួង ស្ថាប័នទាំង អស់ គឺជាសេនាធិការរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាល ហើយដែលត្រូវដំណើរការនៅក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈរួមតែមួយ។” […] “កុំឱ្យវិសេសភាពបង្កឱ្យមានការប្រាសចាកពីអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។”

បន្ថែមលើនេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា “ក្រោយពីបានធ្វើការវិភាគមុខងារ យើងបានឃើញនូវការប្រឈមមួយចំនួន ដែលត្រូវដោះ ស្រាយជាសត្យានុម័ត ដើម្បីកម្ពុជាមានប្រព័ន្ធរដ្ឋបាលសាធារណៈដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ក្នុងគោលដៅប្រកួតប្រជែង និងដើម្បីធានា និងពង្រីកផលប្រយោជន៍ជូនប្រទេសជាតិ”៕

ដោយ៖ សូរិយា


ចែករំលែក៖