ភ្នំពេញ៖ សង្ស័យស្រាវឹងស្រា បុរសម្នាក់បើករថយន្ដឡង់គ្រឺស័ររេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវទ្រេតមួយដើម រួចបន្ដទៅបុករបងដែកបណ្ដាលឲ្យដាច់កង់ខ្ទាតទៅមុខជាង៤០ម៉ែត្ររងការខូចខាត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៤០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ត្រង់ចំណុចផ្សារទំនើបអុីអន២ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
យោងតាមប្រភពពីកន្លែងដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា គាត់ឃើញរថយន្ដបង្កខាងលើម៉ាកឡង់គ្រឺស័រពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខរដ្ឋ20 2- 0106 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រាបានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើត្រង់ចំណុចផ្សារទំនើបអុីអន២ ក៏រេចង្កូតរថយន្ដទៅស្ដាំបុកបង្គោលភ្លើងបំភ្លឺផ្លូវទ្រេតមួយដើម រួចបន្ដទៅបុករបងដែកបណ្ដាលឲ្យដាច់កង់ខ្ទាតទៅមុខជាង៤០ម៉ែត្ររងការខូចខាតខ្ទេចផ្នែកពីចំហៀងខាងស្ដាំយ៉ាងដំណំបន្ដទៅមុខលែងរួច។
ដោយឡែកម្ចាស់រថយន្ដបង្កភ្លាមៗនោះក៏បានចុះពីលើរថយន្ដទាក់ទងទៅគ្នីគ្នាយកទៅបាត់ បន្សលទុករថយន្ដនៅនិងកន្លែងកើតហេតុ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ដើម្បីចុះមកធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ