ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន កាង ស៊ិនឡុងហ្វូត រោងចក្រកែច្នៃដំណាប់ស្វាយស្ថិត នៅភូមិអូររអិល ឃុំស្ទឹងកាច់ បញ្ចេញសំណល់រាវមិនត្រឹមត្រូវតាមច្បាប់

ចែករំលែក៖

ខេត្តប៉ៃលិន៖ បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ ក្រុមមន្ត្រីនៃមន្ទីរបរិស្ថានខេត្តប៉ៃលិន ដោយមានការសហការជាមួយរដ្ឋបាលស្រុកសាលាក្រៅ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានរកឃើញមានករណីត្រីងាប់ ក្នុងអូរនៅចំណុចក្បាលឡាន ស្ថិតនៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

 ក្រុមការងារ បានចុះត្រួតពិនិត្យ និងបានរកឃើញថា ទីតាំងក្រុមហ៊ុន កាង ស៊ិនឡុងហ្វូត ដែលមានរោងចក្រកែច្នៃដំណាប់ស្វាយស្ថិត នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅបានបញ្ចេញសំណល់រាវមិនត្រឹមត្រូវតាមច្បាប់ ហើយសំណល់រាវរបស់រោងចក្រត្រូវបានរកឃើញមានសភាពល្អក់ មានក្លិនជូ ផ្អូមខ្លាំង ចេញតាមលូរបស់រោងចក្រ ទៅក្នុងប្រភពលូទឹកសាធារណៈ ដែលបង្កឱ្យត្រីក្នុងអូរធម្មជាតិក្បាលឡានមានក្លឹនជូ ផ្អូមខ្លាំង នៅក្បែរនោះងាប់។ ប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ផ្ទាល់ខ្វះខាតទឹកប្រើប្រាស់ នៅចំណុចក្បាលឡាន ភូមិភ្នំស្ពង់ ឃុំសាលាក្រៅ មាន ចំនួន ៤៧គ្រួសារ។ ជាមួយគ្នានេះ ក្រុមការងារបានត្រួតពិនិត្យឃើញថាក្រុមហ៊ុន ត្រូវបានបើកដំណើរការផលិតកម្មកែឆ្នៃដំណាប់ស្វាយ បានរយៈពេល១៥ថ្ងៃ ហើយអាងប្រព្រឹត្តិកម្មរបស់រោងចក្រមិនបានដំណើរការនោះឡើយ។

សូមបញ្ចាក់ថា ក្រុមការងារជំនាញបរិស្ថាន បានចុះពិនិត្យលើ៤ទីតាំងនៅជុំវិញរោងចក្រនៃទីតាំងក្រុមហ៊ុនកាងស៊ិនឡុងហ្វូត និង១ទីតាំងនៅក្នុងរោងចក្រផ្ទាល់តែម្តង។

ដើម្បីឆ្លើយតបចំពោះការប្រព្រឹត្តជាក់ស្តែងរបស់ក្រុមហ៊ុនកាងស៊ិនឡុងហ្វូត ក្រុមមន្ត្រីណែនាំនិងអនុវត្តច្បាប់ដូចខាងក្រោម៖

– តម្រូវឱ្យក្រុមហ៊ុនត្រូវបញ្ឈប់ការបញ្ចេញ សំណល់រាវ ចូលទៅប្រភពទឹកសាធារណៈដោយមិនបានឆ្លងកាត់ការធ្វើប្រតិកម្មត្រឹមត្រូវតាមបច្ចេកទេស ទោះក្នុងរូបភាពឬគោលបំណងណាក៏ដោយ។

– ត្រូវរៀបចំកែសម្រួលអាងប្រព្រឹត្តិកម្មចំណល់រាវឲ្យបានត្រឹមត្រូវ។

– ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេត្តប៉ះពាល់បរិស្ថាន និងសង្គម ឲ្យបានត្រឹមត្រូវ។

– រាល់ដំណើរការរោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ លិខិតបទដ្ឋាននានា ជៀសវាងបង្កផលប៉ះពាល់ដល់បរិស្ថាន សង្គម ជាពិសេសសុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។

សូមបញ្ចាក់ថា ក្រុមការងារបានចុះយកសំណាកទឹក មកពិនិត្យនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន ដើម្បីចាត់ការនីតិវិធីច្បាប់បន្ត។ ដោយឡែកក្រុមហ៊ុនបានបញ្ចេញសំណល់រាវ ល្មើសនឹងច្បាប់ពាក់ព័ន្ធការគ្រប់គ្រងការបំពុលទឹក ជាពិសេសក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលបានអនុម័តឱ្យប្រើប្រាស់នៅឆ្នាំ២០២៣ បានកំណត់នៅក្នុងមាត្រា២៨០ មាត្រា២៨៤ បានកំណត់ការរៀបចំផែនការសកម្មភាពគ្រប់គ្រងការបំពុលទឹកសាធារណៈ ការចាត់វិធានការក្នុងករណីមានការបំពុលទឹកសាធារណៈនិងត្រង់ចំណុចការត្រួតពិនិត្យការបំពុលទឹកពីប្រភពជាក់លាក់៖ មាត្រា២៨៦ មាត្រា២៨៧ ដែលបានកំណត់អំពីការស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់រាវ របស់ប្រភពបំពុលជាក់លាក់ ព្រមទាំងការទទួលខុសត្រូវរបស់ម្ចាស់ប្រភពបំពុលទាំងនោះ៕

ដោយ៖ សូរិយា


ចែករំលែក៖