ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹត្តិការណ៍ «យុទ្ធនាការហែលទឹកទន្លេមេគង្គ ចម្ងាយ១២០គីឡូម៉ែត្រ ដើម្បីសង្រ្គោះសត្វផ្សោតកម្ពុជា» បានចាប់ផ្ដើមចេញពីខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ កញ្ញាអ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាគណៈអធិបតីភាព ក្នុងពិធីប្រកាសបើក «យុទ្ធនាការហែលទឹកទន្លេមេគង្គចម្ងាយ ១២០គីឡូម៉ែត្រ ដើម្បីសង្រ្គោះសត្វផ្សោតកម្ពុជា»។ 

កម្មវិធីប្រព្រឹត្តទៅនៅទីតាំងគល់ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គស្ទឹងត្រែង ក្នុងខេត្តស្ទឹងត្រែង ដែលមានការចូលរួមពី លោក ប៉ែន លីណាត អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល លោក ចាប វិបុល នាយកអង្គការ WWF-កម្ពុជា លោកស្រីបណ្ឌិត Frances Gulland តំណាងក្រុមអ្នកជំនាញថនិកសត្វសមុទ្រ និងដៃគូអភិវឌ្ឍន៍ ក្រុមអ្នកហែលទឹកមកពីក្រៅប្រទេស និងប្រជាសហគមន៍ សរុបប្រមាណ១០០នាក់។ 

នៅចំពោះមុខអង្គពិធី កញ្ញា អ៊ឹម រចនា បានសម្ដែងការគាំទ្រចំពោះអង្គការ WWF កម្ពុជា ដែលបានផ្ដួចផ្ដើមរៀបចំយុទ្ធនាការដ៏មានសារៈសំខាន់នេះ ដើម្បីលើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តដល់សហគមន៍ ក្នុងកិច្ចការ​ការពារ​ទន្លេ​មេគង្គ ជាពិសេសសត្វផ្សោតទន្លេមេគង្គ ជារតនសម្បត្តិរបស់ជាតិ។ កញ្ញាបញ្ជាក់ថា ក្រសួងកសិកម្មជា​សេនា​ធិការរាជរដ្ឋាភិបាល បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង អាជ្ញាធរខេត្ត និងដៃគូអភិវឌ្ឍន៍នានា ជាពិសេស​អង្គការ​ WWF ធ្វើការក្នុងគោលដៅរួមគ្នា ដើម្បីចាត់វិធានការពង្រឹងកិច្ចការពារ ដោយ​បានបង្កើត​ក្រុមឆ្មាំទន្លេចំនួន ៧២រូប យាមល្បាតជាប្រចាំនៅតំបន់អភិរក្សសត្វផ្សោត។

បើតាមកញ្ញាអនុរដ្ឋលេខាធិការ តាមរយៈកិច្ចខិតខំ​ប្រឹង​ប្រែងនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាបន្តកើនឡើងជាលំដាប់ នៅក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។ គ្រាន់តែក្នុងរយៈពេលជិត៣ខែដើមឆ្នាំ២០២៥នេះ កូនផ្សោតចំនួន​៥ក្បាល​​បានកើតថ្មី ដែលធ្វើឲ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ ១០៩ ក្បាល។ 

ជាងនេះ​ទៅទៀត ក្រោមការដឹកនាំពីសំណាក់លោករដ្ឋមន្ត្រី ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងរដ្ឋបាលជលផល ប្តេជ្ញា​ពង្រឹង​​ការអនុវត្តន៍ច្បាប់ លុបបំបាត់ការនេសាទខុសច្បាប់ និងលើកកម្ពស់ការ​គ្រប់គ្រង​ទន្លេ​ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធានាឱ្យបាននូវការរស់​រានមានជីវិត​របស់​សត្វ​ផ្សោត​ទន្លេមេគង្គ និងបង្កើនផលស្តុកត្រីក្នុងជម្រកធម្មជាតិ។  

គួរបញ្ជាក់ថា «យុទ្ធនាការហែលទឹកទន្លេមេគង្គជាលើកដំបូង ហែលឆ្លងកាត់​ទីជម្រក​សត្វផ្សោតទន្លេមេគង្គមានចម្ងាយ១២០គីឡូម៉ែត្រ»  ធ្វើរយៈពេលបួនថ្ងៃ ចាប់​ពីថ្ងៃ​ទី១៧ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ដែលក្រុមអ្នកហែលទឹកត្រូវ​ចាប់ផ្តើម​ហែលពីខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់គោលដៅបញ្ចប់នៅទីរួមខេត្តក្រចេះ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥៕

ដោយ៖ សូរិយា


ចែករំលែក៖