ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ភាពក្រីក្រជាបញ្ហាដ៏ធំមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តយកចិត្តទុកដាក់កាត់បន្ថយជាបន្តបន្ទាប់

ចែករំលែក៖

ខេត្យសៀមរាប ៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ លោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និង លោក លី សារី អភិបាលរងខេត្ត បានដឹកនាំថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព ចូលរួមក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្ដីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមនឹងវត្តមានថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដោយមានការចូលរួមពីគ្រប់ក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការសង្គមសុីវិល វិស័យឯកជន និងប្រជាពលរដ្ឋ ក្នុងការអនុវត្តការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងរយៈពេល២ទស្សវត្សរ៍កន្លងមកនេះ បានធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្លាយជាស្ថាប័នសាធារណៈ មានរចនាសម្ព័ន្ធ ប្រព័ន្ធអភិបាលកិច្ច មានមុខងារ ធនធាន ការទទួលខុសត្រូវកាន់តែច្បាស់ និងភាពធន់ ភាពម្ចាស់ការក្នុងការផ្ដល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហាក្នុងមូលដ្ឋានបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន ចីរភាព និងសមធម៌។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ទៀតថា តាមរយៈការផ្ដល់សេវារដ្ឋបាលជាច្រើនប្រភេទនេះ ការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដូច្នេះសមិទ្ធផលនេះ គឺជាសមិទ្ធផលគន្លឹះពាក់ព័ន្ធនឹងការលើកកម្ពស់លទ្ធភាព និងបរិមាណនៃការផ្ដល់សេវាសាធារណៈ តាមគោលការណ៍នៃការបង្ខិតសេវាឱ្យកាន់តែគៀកប្រជាពលរដ្ឋ។ ជាមួយនោះ ភាពក្រីក្រជាបញ្ហាដ៏ធំមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តយកចិត្តទុកដាក់កាត់បន្ថយជាបន្តបន្ទាប់ ហើយក្នុងទិសដៅកាត់បន្ថយភាពក្រីក្រ រាជរដ្ឋាភិបាលបាននឹងកំពុងដាក់ចេញនូវវិធានការចម្រុះក្នុងការជំរុញលើគ្រប់វិស័យ ពិសេសគោលនយោបាយគាំពារសង្គម។ ជាក់ស្ដែងក្នុងរយៈពេលជា ២០ឆ្នាំកន្លងមកនេះ អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយចាប់ពីអត្រាជាង ៥០ភាគរយ នៅដើមទស្សវត្សរ៍ឆ្នាំ២០០០ មកនៅត្រឹមជាង ១០ភាគរយ នៅមុនវិបត្តិជំងឺកូវីដ-១៩។ 

សម្ដេចធិបតី ក៏បានសង្កត់ធ្ងន់ថា ផ្អែកតាមសមិទ្ធផលដែលយើងបានអនុវត្តបានកន្លងមក សម្ដេចបានវាយតម្លៃបានថា ការអនុវត្តការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ទី១.បានជំរុញឱ្យការរៀបចំប្រព័ន្ធអភិបាលកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ មានសមត្ថភាព តម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវ ក្នុងការផ្ដល់សេវាសាធារណៈ និងការវិវត្តសេដ្ឋកិច្ចមូលដ្ឋាន ដោយបានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និងគម្រោងផ្ដល់សេវាសង្គម ដែលមានរាប់ពាន់គម្រោងក្នុងមួយឆ្នាំៗ ដើម្បីដោះស្រាយបញ្ហាប្រឈម និងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋប្រកបដោយភាពម្ចាស់ការ។ ទី២.បានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងទី៣.ចូលរួមកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទផងដែរ៕

ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តសៀមរាប


ចែករំលែក៖