ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបង្ហាញមុខ​ជនសង្ស័យ១០នាក់​ ជាមុខសញ្ញាកាប់ប្លន់ម៉ូតូ ឆក់ និងប្រេីហិង្សា

ចែករំលែក៖

​     ភ្នំពេញ៖ ជនសង្ស័យចំនួន១០នាក់ដែលបានធ្វើសកម្មភាពបង្កហិង្សា ឆក់ និងធាក់ប្លន់យកម៉ូតូយ៉ាងសកម្មនោះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់និងបង្ហាញមុខជាសាធារណៈ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ។ 

    ជនសង្ស័យដែលសមត្ថកិច្ចបង្ហាញមុខទី១-ឈ្មោះ អ៊ុំ ច័ន្ទណារុន ភេទ ប្រុស, ២-ឈ្មោះ ហែម រតនា ហៅ សីហា ភេទ ប្រុស, ៣-ឈ្មោះ យ៉ុន ដេវីត ភេទប្រុស, ៤-ឈ្មោះ ពន្លឺ រ៉ូណាល់ ហៅ ជេម ភេទ ប្រុស, ៥-ឈ្មោះ ឆន ច័ន្ទយូរ៉ាន់ ហៅ ម៉ារីអូ ភេទប្រុស, ៦-ឈ្មោះ ម៉ាលី កុម្ភៈ ហៅ ភ័ក្ត្រ ភេទប្រុស, ៧-ឈ្មោះ ចាន់ ដារ៉ា ភេទ ប្រុស, ៨-ឈ្មោះ ភន វិសាល ភេទ ប្រុស អាយុ១៨ឆ្នាំ, ៩-ឈ្មោះ គា សម្ភព ភេទ ប្រុស , ១០-ឈ្មោះ សុគន្ធ ពិទូ ភេទប្រុស អាយុ១៨ឆ្នាំ។ 

  តាមលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនិងដឹកនាំបញ្ជាផ្ទាល់ដោយលោក ឧត្ដមសេនីយ៍ ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារព្រហ្មទណ្ឌ នៅថ្ងៃទី១២, ថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានសហការជាមួយនគរបាលនៅតាមបណ្ដាខណ្ឌនានាធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ១០នាក់ជាក្រុមក្មេងទំនើងរហស្សនាម  យើងស្រឡាញ់គ្នា(YSK) និងជីងចក់(ស) ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស(ធាក់ប្លន់យកម៉ូតូនិងឆក់កាបូប) អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស យកដុំថ្មគប់លើជនរងគ្រោះ និងខូចខាតម៉ូតូ។

    លោកវរសេនីយ៍ឯក ម៉ម សាវនបានឱ្យដឹងទៀតថា ជនសង្ស័យទាំង១០នាក់បានធ្វើសកម្មភាពយ៉ាងសកម្មចំនួន ៦ករណី។បន្ទាប់ពីឃាត់ខ្លួនសមត្ថសមត្ថកិច្ចដកហូតវត្ថុតាងរួមមានម៉ូតូចំនួន៤គ្រឿងដែលជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព, ដុំថ្មចំនួន០១ដុំ, កាបូប ម៉ាកGENTLE WOMAN ពណ៌ខ្មៅ លាយក្រហមចំនួន ០១ និងសម្ភារៈមួយចំនួនជារបស់ជន រងគ្រោះ។

    បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើត្រូវបានកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖