ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការប្រឡងជ្រើសរើសមន្រ្ដីរាជការស៊ីវិលនាពេលកន្លងទៅក្រោមការរៀបចំរបស់ក្រសួងមុខងារសាធារណៈ ត្រូវបានអនុវត្តប្រកបដោយតម្លាភាព យុត្តិធម៌ និងទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ពោល គឺពុំមានបាតុភាពណាមួយកើតឡើងទេ ស្របតាមគោលការណ៍ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត។
នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ ដែលប្រារព្ធនៅព្រីមៀរ សែន សុខ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ដល់ឪពុកម្ដាយ អ្នកអាណាព្យាបាល ដែលបានជឿជាក់មកលើរាជរដ្ឋាភិបាល ជាពិសេសជឿជាក់មកលើការប្រឡងជ្រើសរើសមន្រ្ដីរាជការ ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ។
នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ឱ្យក្រសួងនីមួយៗគិតគូរ និងធ្វើទំនើបកម្មលំហូរការងារផង នៅក្នុងពេលពង្រឹងរចនាសម្ព័ន្ធការងារនៅក្នុងអង្គភាព និងក្រសួងស្ថាប័ន។ សម្តេច ធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការថែទាំ ការពង្រឹងលំហូរការងារ និងប្រសិទ្ធភាពនេះ គឺជាផ្នែកសំខាន់នៃកំណែទម្រង់។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ការគិតពីលំហូរការងារនេះ គឺត្រូវផ្តោតទៅលើការ ការកាត់បន្ថយនីតិវិធី តម្រូវការឯកសារ និងការប្រើប្រាស់ប្រព័ន្ធឌីជីថល ឱ្យបានច្រើន ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ក្រសួង ស្ថាប័ន។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ៖ «គ្រាន់តែសេវាសាធារណៈនៅក្នុងរដ្ឋាភិបាលយើង ទូទាំងរដ្ឋាភិបាល ទាក់ទងនឹងស្ថាប័នផ្សេងៗ ជាង ៣ ០០០សេវា ហើយឯកសារជួនកាលណា ឯកសារ ២-៣ កន្លែងគាត់ត្រូវការ តម្រូវការឯកសារដដែលៗ។ ជួនកាល ឯកសារជាន់គ្នា។ កន្លែងខ្លះ ត្រូវការអត្តសញ្ញាណបណ្ណ ត្រូវការបណ្ណគ្រួសារ ត្រូវការសំបុត្រកំណើត នៅពេលដែលកិច្ចការហ្នឹង អត់ត្រូវការទេ។ ហើយដល់ពេលទៅ(រក)សេវាមួយទៀត ទាមទារដូចគ្នា។ បើសិនជាយើងធ្វើបែបនេះ យើងនឹងមិនអាចដើរលឿនទេ។ រចនាសម្ព័ន្ធកែហើយ ប៉ុន្តែបើនីតិវិធី របៀបរបបការងារយើង មិនទំនើបកម្ម ឱ្យស្របទៅតាមស្ថានភាពទេ យើងក៏លំបាកដែរ។»។
ទាក់ទងនឹងការផ្តល់សេវានេះដដែល សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រាប់ឱ្យក្រសួងពាណិជ្ជពិនិត្យឡើងវិញ តម្លៃ នៃសេវាសាធារណៈនៅកន្លែងខ្លះ មានការកើនជាងអាណត្តិមុនទៅទៀត ដែលហាក់ផ្ទុយនឹងគោលបំណងនៃកំណែទម្រង់ ដែលមានគោលដៅធ្វើឱ្យសេវាសាធារណៈកាន់តែទាប រហ័ស និងមានប្រសិទ្ធភាពនោះ ៕
ដោយ ៖ សិលា