ខេត្តកំពង់ឆ្នាំង ៖ អនុវត្តតាមដីកា របស់សាលាដំបូងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចការិយាល័យជួញដូរមនុស្សនៃស្នង ការដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី២០ខែមីនា ឆ្នាំ២០២៥នេះដេីម្បីអនុវត្តតាមនីតិវិធីបន្ទាប់ពីតុលាការបើកការស៊ើប អង្កេតករណីរួមភេទជាមួយនឹងអនីតិជន នេះបើតាមការបញ្ជាក់របស់លោកស្រី សូ ដា ប្រធានការិយាល័យជួញដូរមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។
គួររំឮកថា យោងតាមការរៀបរាប់ពីម្តាយនិងកុមារីរងគ្រោះបានឲ្យដឹងថា គាត់បានប្តឹង ឈ្មោះ ប៉ាង គឹមចាន់ អាយុប្រហែល៤០ឆ្នាំ មានទីលំនៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពីបទ៖ រំលោភសេព សន្ថវៈ និងបង្ខាំងមនុស្សខុសច្បាប់ និងគំរាមសម្លាប់ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ប្រព្រឹត្តនៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
នៅក្នុងពាក្យបណ្តឹង ក្មេងស្រីរងគ្រោះ បានបំរើការងារតាមផ្ទះ ដោយរស់នៅនឹងធ្វើការងារផ្ទះរបស់ជនសង្ស័យ បានរយៈពេលកន្លះខែ ឈ្មោះ ប៉ាង គឹមចាន់ ជាថៅកែ បានដូរឲ្យទៅជួយលក់កាហ្វេគាត់ នៅតូបមួយទៀត។ ក្រោយមកក៏បានដក ក្មេងស្រីរងគ្រោះ មកឲ្យជួយលក់ភីហ្សានៅផ្ទះស្ថិតនៅភូមិកំពង់ប្រាសាទវិញ ទើបនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង០៤ ទៀបភ្លឺ ខណៈក្មេងស្រីរងគ្រោះ កំពុងតែដេកនៅលើគ្រែក្រៅបន្ទប់ក្នុងផ្ទះ ក៏ស្រាប់តែជនសង្ស័យជាម្ចាស់ផ្ទះ បានចេញមកចរចាឱ្យកុមារី១០០ដុល្លារជាថ្នូរនិងការំលោភតែកុមារីមិនព្រមទេីបជនសង្ស័យ ចាប់រំលោភរហូតបាន សម្រេច។ ពេលរំលោភរួចជនសង្ស័យប្រាប់ថា ក្មួយឯងកុំនិយាយប្រាប់គេ បើក្មួយមិននិយាយក៏អត់មានអ្នកណាដឹងឡើយហើយបើហ៊ាននិយាយពូហ្នឹងសម្លាប់ ចោល។
៥ថ្ងៃក្រោយមកទៀតជនសង្ស័យខាងលើ ក៏បានធ្វើ សកម្មភាពម្ដងទៀតទៅលើកុមារីរងគ្រោះដោយរំលោភបានសម្រេចជាលើកទី២ ហេីយនិយាយគំរាមកុមារីរង គ្រោះដូចលេីកមុនដដែល។
លុះព្រឹកឡើងពេលក្មេងស្រីកំពុងអង្គុយលាងចាននិងកែវពេលនោះស្រាប់តែជនសង្ស័យ បានយកលុយមកបោះឲ្យ ក្មេងស្រីរងគ្រោះ ចំនួន២០ម៉ឺនរៀល។ មួយ សន្ទុះក្រោយមកប្រពន្ធរបស់ជនសង្ស័យ បាត់លុយ ២០មុឺន ទើបបែករឿងប្តី ចាប់រំលោភកូនឈ្នួល។
នៅពេលដែលបានដឹងហើយ ប្រពន្ធជនសង្ស័យ ក៏បានហាមជនរងគ្រោះ មិនឲ្យនិយាយប្រាប់អ្នកណាឡេីយ។ ចំណែកលុយចំនួន២០ម៉ឺនរៀលនោះប្រពន្ធជនសង្ស័យ បានដកហូត ទៅវិញបាត់ទៅ។
ដោយខ្លាចការគំរាមកំហែងពីជនខាងលេី កុមារីរងគ្រោះស៊ូទ្រាំបន្តធ្វើការងាររហូតគ្រប់១ខែ ដេីម្បីសុំបេីកលុយ ។លុះរហូតដល់ថ្ងៃបើកប្រាក់ខែគឺថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ពេលបេីកប្រាក់ខែរួច ទើបកុមារីប្រាប់ថៅកែថា សុំឈប់ធ្វើការហេីយ ។ ពេលមកដល់ផ្ទះ ក៏និយាយពីដំណើររឿងប្រាប់ម្តាយ ហេីយម្តាយក៏បានដាក់ពាក្យបណ្តឹងតែម្តង ។
ក្រុមគ្រួសារកុមារីរងគ្រោះ សំណូមពរស្នើសុំ តុលាការខេត្ត កំពង់ឆ្នាំង ជួយរកយុត្តិធម៌ជូនគ្រួសារគាត់ និងមេត្តាអនុវត្តផ្លូវច្បាប់ទៅលើជនដែលបានប្រព្រឹត្តគ្មានគុណធម៌មកលើ កូនស្រីរបស់គាត់ ទៅតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា ជនសង្ស័យខាងលេីកន្លងមកក៏ធ្លាប់បានតុលាការផ្តន្ទាទោសជាប់ពន្ធនាគារផងដែរតែករណីផ្សេង៕
ដោយ៖ សូរិយា