ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់​ដឹកនាំ​ CDC៖ បន្តដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគទៅកាន់ទីក្រុងសៀងហៃ ដោយបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសហគ្រាសដែលមានបំណងពង្រីកសកម្មភាពវិនិយោគមកកាន់កម្ពុជា

ចែករំលែក៖

សៀងហៃ៖ បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យនៅក្រុងចឹងចូវ ខេត្តហ៊ឺណាន​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥នេះ​ បានបន្តដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគទៅកាន់ទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ នាព្រឹកនេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញដឹកនាំគណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយសហគ្រាស Geoharbour Construction Group, សហគ្រាស Penyao Environmental Protection, និង សហគ្រាស Tri-Wall (Shanghai) Packaging Technology ក្នុងគោលបំណងសិក្សាស្វែងយល់អំពីមុខសញ្ញាវិនិយោគ និងពិនិត្យលទ្ធភាពទាក់ទាញឱ្យមកបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

ជារួម លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះតំណាងសហគ្រាសទាំង៣ ដែលបានអញ្ជើញមកជួបពិភាក្សាការងារជាមួយគណៈប្រតិភូកម្ពុជានាឱកាសបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគមកកាន់ទីក្រុងសៀងហៃនេះ។ នៅក្នុងជំនួបទាំងបីនេះដែរ​លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីបច្ចុប្បន្នភាពថ្មីៗនៃបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាស្ថានភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្រោមការដឹកនាំតម្រង់ទិសប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការពិគ្រោះយោបល់ជូនដល់ភាគីក្រុមហ៊ុន ដោយផ្តោតសំខាន់លើទិដ្ឋភាពគោលនយោបាយ និងបច្ចេកទេសនានា សំដៅធានាឱ្យបានថាវិនិយោគិននឹងទទួលបានព័ត៌មានដែលមានពិតប្រាកដច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយដើម្បីបានជាមូលដ្ឋានដល់ការសិក្សាសមិទ្ធិលទ្ធភាព ឈានឆ្ពោះសម្រេចបាននូវការបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលខាងមុខ។      

សូមបញ្ជាក់ជូនផងដែរថា សហគ្រាស Geoharbour Construction Group គឺជាក្រុមហ៊ុនដែលមានមុខសញ្ញាវិនិយោគលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ប្រតិបត្តិការរបស់អាកាសយានដ្ឋាន, កំពង់ផែ, ថាមពលដើរដោយពន្លឺព្រះអាទិត្យ, និងសួនឧស្សាហកម្ម។ ដោយឡែក សហគ្រាស Penyao Environmental Protection គឺជាក្រុមហ៊ុនដែលមានមុខសញ្ញាវិនិយោគលើការសាងសង់ និងប្រតិបត្តិការលើអាងប្រព្រឹត្តកម្ម, គ្រប់គ្រងកាកសំណល់, និងទឹកស្អាត។ ចំណែក សហគ្រាស Tri-Wall (Shanghai) Packaging Technology គឺជាក្រុមហ៊ុនដែលមានមុខសញ្ញាវិនិយោគលើការវេចខ្ចប់គ្រឿងបង្គុំ និងបំណែកយានយន្ត៕

ដោយ ៖តារា​


ចែករំលែក៖