ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ខណ្ឌ៧មករា​ សហការជាមួយប្រតិភូក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ ចុះលើកផ្លាកប៉ាណូលើវិធានការបញ្ជៀសគ្រោះថ្នាក់ចំពោះសំណង់អគារអតីតសណ្ឋាគារ អង្គរមានជ័យ

ចែករំលែក៖

ភ្នំពេញ​៖​ គណៈប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោក យស់ ឆោយម៉ារ៉ាឌី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដោយមានការចូលរួមសហការពី គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៥ បានចុះបិទច្រកជណ្តើរ នៅអគារចាស់ទ្រុឌទ្រោមខ្លាំង អតីតអគារអង្គរមានជ័យ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៩៣ (មហាវិថីព្រះមុនីវង្ស) កែងនិងផ្លូវលេខ១២៨ (មហាវិថីកម្ពុជាក្រោម) ភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីការចាត់វិធានការបញ្ជៀសគ្រោះ ថ្នាក់ចំពោះសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ រួមមាន​៖

– ការវាយតម្លៃគុណភាព និងសុវត្ថិភាពសំណង់អគារនេះត្រូវបានចាត់ថ្នាក់ជា សំណង់ដែលមានសភាពគ្រោះថ្នាក់ និងអាចកើតឡើងគ្រោះថ្នាក់ភ្លាមៗដោយយថាហេតុណាមួយ ។ 

– ដើម្បីបង្ការគ្រោះថ្នាក់ដល់សំណង់ជិតខាង ដល់អាយុជីវិត អ្នកជិតខាង និង សាធារណជន ក្រសួងរៀបចំដែនដីនគរូបនីយ កម្ម និង សំណង់ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យប្រជាពលរដ្ឋដែលមិនទាន់ចាកចេញពីសំណង់អគារនេះ ដែលមានសភាពគ្រោះថ្នាក់ រកទីកន្លែងស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់ ។

– ក្នុងរយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃប្រកាសព័ត៌មាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ រួម រដ្ឋបាលរាជធានីភ្នំពេញ និង ចាត់វិធានការដូចខាងក្រោម៖

– មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋបន្តស្នាក់នៅក្នុងសំណង់អគារដែលមានសភាពគ្រោះថ្នាក់នេះ ។

– ធ្វើការហ៊ុំព័ទ្ធ ហាមចូល និង ហាមការប្រើប្រាស់សំណង់អគារចាស់ទ្រុឌទ្រោមនេះ ។

– រុះរើសំណង់ទាំងមូលឬផ្នែកណាមួយដែលអាចបង្ករគ្រោះថ្នាក់៕

ដោយ​៖ តារា​


ចែករំលែក៖