ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់អនុសាសន៍ណែនាំឲ្យប្រឡង ជ្រើសរើសនគរបាល នាយទាហាន ត្រូវធ្វើឡើងដោយតម្លាភាព និងយុត្តិធម៌ដើម្បីផ្តល់ទំនុកចិត្តឲ្យបេក្ខជនមានភាពជឿជាក់ឲ្យដូចទៅនឹងក្រសួងមុខងារសាធារណៈសហការជាមួយក្រសួងផ្សេងទៀត ក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ។
ក្នុងឱកាសអញ្ជើញបិទសន្និបាតរបស់ក្រសួងមុខងារសាធារណ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥សម្តេចធិបតីហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចំពោះការប្រឡងរើសទាហាន នគរបាលត្រូវធ្វើយ៉ាងណាឲ្យដំណើរការទៅប្រកបដោយតម្លាភាព យុត្តិធម៌ ដើម្បីបេក្ខជនប្រឡងជាប់មានមោទកភាព ហើយចំពោះបេក្ខជនប្រឡងធ្លាក់វិញដោយអស់ចិត្ត ។ សម្តេចធិបតីអះអាងថា ការធ្វើបែបនេះ ដើម្បីឲ្យដូចទៅនឹង ការប្រឡងជ្រើសរើសមន្ត្រីរាជការ ដែលសហការរៀបចំដោយក្រសួងមុខងារសាធារណៈ ជាមួយក្រសួង ស្ថាប័ន និងជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ។
សំឡេង៖ “ខ្ញុំសូមឲ្យស្ថាប័នផ្សេងទៀតកែប្រឡង ព្រោះយើងតែប្រឡងមន្រ្តីរាជការស៊ីវិល ប្រឡងកងទ័ព ប្រឡងនគរបាល ត្រូវខិតខំធ្វើយ៉ាងណាឲ្យមានសុក្រឹត្យភាពបន្តទៀត ដើម្បីរើស ។ ផ្តល់ឱកាសស្មើគ្នា ផ្តល់ឱកាសដើម្បីយើងមានជឿទុកចិត្ត។ អានេះហើយគឺជាវិធីសាស្រ្តមួយដែលល្អបំផុតនៅក្នុងការជ្រើសរើស”។
សម្តេចធិបតីបញ្ជាក់ថា ទោះជាដំណើរការប្រឡង មិនទាន់មានភាពសុក្រឹត្យ១០០%ក្តី ប៉ុន្តែសម្តេចសង្ឃឹមថា ការប្រឡងជ្រើសរើសមន្រ្តីនឹងឈានទៅមានភាពសុក្រឹត្យទាំងស្រុងនៅពេលខាងមុខជាក់ជាមិនខាន់។
គួរកត់សម្គាល់ថា កន្លងមកនេះ ក្រសួងមុខងាសាធារណៈ សហការជាមួយក្រសួងជំនាញនានាកន្លងមកបានប្រឡើងជ្រើសរើសមន្ត្រីរាជការ គ្រូបង្រៀន ប្រកបដោយតម្លាភាព ត្រឹមត្រូវយុត្តិកធម៌ ។ ការណ៍នេះ គឺទទួលបានការសាទរពីសំណាក់មហាជន អាណាព្យាបាលសិស្ស និងបេក្ខជនដែលបានចូលរួមប្រឡងផ្ទាល់តែម្តង។ និយាយរួមអ្នកចេះគឺជាប់ ហើយជាប់ដោយកិត្តិយស។
បទបញ្ជារបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីកាលពី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានប្រាប់ឱ្យរៀបចំមេដាយការងារផងដែរ។
១. ទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីស្រង់ឈ្មោះមន្ត្រីដែលធ្វើការយ៉ាងតិច ១០ឆ្នាំឡើង ហើយមិនដែលបានទទួលមេដាយសោះ។
២. លក្ខខណ្ឌ៖ ជាមន្ត្រីសកម្ម មានវត្តមាននៅកន្លែងការងារ និងមិនដែលមានបញ្ហាណាមួយ។
៣. ការស្រង់ឈ្មោះនេះ អនុវត្តទាំងមន្ត្រីក្របខណ្ឌ និងមន្ត្រីកិច្ចសន្យា ទាំងថ្នាក់ជាតិ និងក្រោមជាតិ ។
និង៤. ទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវរៀបចំសារាចរថ្មីមួយទៀតពាក់ព័ន្ធការទទួលមេដាយ។
យោងតាមក្រសួងមុខងារសាធារណៈបានឱ្យដឹងថា គិតត្រឹមខែមករា ឆ្នាំ២០២៥ កម្ពុជាមានមន្ត្រីរាជការនៅទូទាំងប្រទេសសរុប ២៣២,០៣៤នាក់ (ស្ត្រី ៩៦,៩៦៩នាក់) ក្នុងនោះ ថ្នាក់ជាតិ ៥៤,៥៨៥នាក់ និងថ្នាក់ក្រោមជាតិ ១៧៧,៤៤៩នាក់ ៕
ដោយ ៖ សិលា