ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំការងារផ្ទៃក្នុងថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីបង្កើនប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ទីស្ដីការគណៈរដ្ឋមន្ត្រី

ចែករំលែក៖

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់លោកទេសរដ្ឋមន្ត្រី ឆែម គាតរិទ្ធី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, លោក លោកស្រី រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំក្រុមប្រឹក្សា និងគណៈកម្មាធិការ ព្រមទាំងអគ្គនាយកនៃអគ្គនាយកដ្ឋានជំនាញនៃទីស្តីការគណៈរដ្ឋមន្រ្តី។ កិច្ចប្រជុំនេះ ក៏បានពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការ គណៈរដ្ឋមន្រ្តី ក្នុងរយៈពេលកន្លងមក និងដើម្បីបន្តផ្តល់នូវដំណោះស្រាយដ៏សមស្រប ចំពោះសំណូមពរ និងបញ្ហាប្រឈមផ្សេងៗរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្នុងការបំពេញការងារ ព្រមទាំងដើម្បីតម្រង់ទិសអាទិភាពការងារ សំដៅពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយ៉ាងសកម្ម បំពេញការងារក្នុងរយៈពេលកន្លងមកនេះ ប្រកបដោយសាមគ្គីភាព ផ្ទៃក្នុងរឹងមាំ ជាអង្គតែមួយ និងប្រកបដោយសហថាមពល ដែលបានបង្ហាញថាទីស្ដីការគណៈរដ្ឋមន្ត្រីកំពុងរីកលូតលាស់ រីកចម្រើន មានថាមពល និងចីរភាពក្នុងការបំពេញបេសកកម្មបម្រើរាជរដ្ឋាភិបាល និងប្រទេសជាតិ ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាល។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា ជារួម អង្គភាពចំណុះទីស្ដីការគណៈរដ្ឋមន្ត្រីផ្ទាល់ ទាំងក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលជាស្លាបឆ្វេង ក្រុមប្រឹក្សាអ្នកច្បាប់ជាស្លាបស្ដាំ អគ្គនាយកដ្ឋានជំនាញទាំង១០ជាឆ្អឹងខ្នង គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលជាកន្ទុយ ព្រមទាំងគណៈកម្មាធិការ ដឹកនាំការកែទម្រង់ច្បាប់ និងថ្នាក់ដឹកនាំទាំងអស់ដែលជាក្បាល គឺបាននិងកំពុងស្ថិតក្នុងចលនការនៃការបំពេញការងារ ដោយឈរលើអភិក្រមជវភាពប្រព័ន្ធតួអង្គតែមួយ និងឈរលើគុណតម្លៃស្នូលទាំង៤ គឺ ៖

ទី១. នីតិរដ្ឋនិងការពារ ផលប្រយោជន៍សាធារណៈ ។

ទី២. គុណាធិបតេយ្យ ។

ទី៣. បរិយាបន្ន ។

និង ទី៤. វិជ្ជាជីវៈនិងក្រមសីលធម៌ ដើម្បីឈានឆ្ពោះទៅ ប្រសិទ្ធភាព គុណភាព សមិទ្ធកម្ម និងនិរន្តរភាពការងារ ស្របតាមស្មារតីកំណែទម្រង់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំមួយចំនួនបន្ថែម ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី។ ក្នុងនោះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកទឹកចិត្តឱ្យអង្គភាពចំណុះទីស្ដីការគណៈរដ្ឋមន្ត្រីបន្តរៀបចំផែនការអភិវឌ្ឍស្ថាប័ន (IDP) ដោយគិតគូរបន្ថែមអំពី ក្របខ័ណ្ឌនវានុវត្តន៍(Innovation) ស្រ បតាមផែនការយុទ្ធសាស្ត្រទីស្ដីការគណៈរដ្ឋមន្ត្រី ២០២៤-២០២៨ ព្រមទាំងការកសាងនិងអភិវឌ្ឍសមត្ថភាពថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់។

ក្នុងកិច្ចប្រជុំនេះផងដែរ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្ដល់ការណែនាំតម្រង់ទិសសម្រាប់ ការរៀបចំសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ និងលើកទិសដៅការងាររបស់ទីស្ដីរគណៈរដ្ឋមន្ត្រី ដែលជាការរៀបចំដំបូងបង្អស់ និងជាប្រវត្តិសាស្ត្រមួយរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងបរិការណ៍ថ្មីនៃរាជរដ្ឋាភិបាល នីតិកាល ទី៧នៃរដ្ឋសភា ក្នុងអំឡុងដើមខែមេសា ឆ្នាំ២០២៥ខាងមុខនេះ ៕

ដោយ ៖ សិលា


ចែករំលែក៖