ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានទទួលជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយវិស័យឯកជនក្នុងខេត្តកំពង់ស្ពឺ នាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥អញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយវិស័យឯកជនក្នុងខេត្តកំពង់ស្ពឺ។
កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ រួមជាមួយសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកទាំង៩ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងម្ចាស់រោងចក្រ សហគ្រាស និងម្ចាស់អាជីវកម្មទាំងអស់ក្នុងក្របខណ្ឌខេត្ត ព្រមទាំងភ្ញៀវកិត្តិយស។
ក្នុងមតិស្វាគមន៍កម្មវិធីនេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ខេត្តកំពង់ស្ពឺតែងតែ បានតាំងចិត្តព្យាយាមសព្វបែបយ៉ាង ក្នុងការបង្កបរិយាកាសងាយស្រួលដល់ការវិនិយោគ នាពេលកន្លងមក។
មានប្រសាសន៍ក្នុងជំនួបនេះ លោកបានរំលឹកអនុស្សាវរីយ៍រយៈពេល១២ឆ្នាំ ក្នុងការបំពេញការងារក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ និងបានធ្វើការកោតសរសើរដល់ការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍរបស់ខេត្តកំពង់ស្ពឺ ជាពិសេសរយៈពេល ៨ខែចុងក្រោយមកនេះ មានការផ្លាស់ប្តូរមុខមាត់គួរឱ្យកត់សម្គាល់។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងពីគោលបំណងនៃជំនួបអាហារនាពេលនេះ៖
ទី១.ដើម្បីចូលរួមអបអរសាទរ ក្នុងពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹង ឈានមកដល់ក្នុងពេលដ៏ខ្លីខាងមុននេះផងដែរ។
ទី២.ដើម្បីយកឱកាសថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោកអ្នកឧញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់អាជីវកម្មទាំងអស់ ដែលបានជ្រើសរើសយកខេត្តកំពង់ស្ពឺជាគោលដៅដាក់ទុនវិនិយោគ និងបានបង្កើតឱកាសការងារយ៉ាងច្រើនជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ។ ការវិនិយោគទាំងអស់នេះ បានចូលរួមចំណែកយ៉ាងសំខាន់ជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ក្នុងក្របខណ្ឌខេត្ត និងការចូលរួមបរិច្ចាគធនធានសម្រាប់សកម្មភាពមនុស្សធម៌។ និងទី៣. ដើម្បីផ្សារភ្ជាប់ បង្កើនភាពស្និតស្នាល និងទំនាក់ទំនង និងសហការគ្នាឱ្យរឹតតែ ស្អិតរមួតបន្ថែមទៀត ជាមួយម្ចាស់អាជីវកម្ម និងដៃគូវិនិយោគទាំងអស់នៅក្នុងក្របខណ្ឌ ខេត្តកំពង់ស្ពឺ។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្តថា “បន្ថែមលើការអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនាមជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ក្រុមការងារទាំងអស់ រួមទាំងថ្នាក់ដឹកនាំនៃខេត្តកំពង់ស្ពឺ តែងតែព្យាយាមរិះរកគ្រប់វិធីសាស្ត្រ ដើម្បីសម្របសម្រួល និងរៀបចំបរិយាកាសឱ្យបានល្អ ដើម្បីទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ មកកាន់ខេត្តកំពង់ស្ពឺ។ កាលដែលមានអ្នកវិនិយោគកាន់តែច្រើនក្នុងខេត្តកំពង់ស្ពឺ ការរីកចម្រើននេះនឹងធ្វើឱ្យប្រជាពលរដ្ឋ មានការរីកចម្រើនជាមួយគ្នាផងដែរ។”
ពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយវិស័យឯកជនក្នុងខេត្តកំពង់ស្ពឺ បានប្រព្រឹត្តទៅពោរពេញដោយភាតរភាព សប្បាយរីករាយ និងស្និទ្ធស្នាលបំផុត ៕
ដោយ ៖ សិលា