ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រី ណែនាំឱ្យក្រសួងគិតគូរ និងធ្វើទំនើបកម្មលំហូរការងារ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃកម្ពុជា បានថ្លែងណែនាំឱ្យក្រសួងនីមួយៗ គិតគូរ និងធ្វើទំនើបកម្មលំហូរការងារ ដោយផ្តោតទៅលើការការកាត់បន្ថយនីតិវិធី តម្រូវការឯកសារ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យបានច្រើន ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ក្រសួង ស្ថាប័ន។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្ឡែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌល ដឺព្រីមៀ សែនសុខ រាជធានីភ្នំពេញ ។

សម្តេចធិបតី បានបញ្ជាក់ថា ការថែទាំ ការពង្រឹងលំហូរការងារ និងប្រសិទ្ធភាពនេះ គឺជាផ្នែកសំខាន់ នៃកំណែទម្រង់ ។ ការគិតពីលំហូរការងារនេះ គឺត្រូវផ្តោតទៅលើការការកាត់បន្ថយនីតិវិធី តម្រូវការឯកសារ និងការប្រើប្រាស់ប្រព័ន្ធឌីជីថល ឱ្យបានច្រើន ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ក្រសួង ស្ថាប័ន ។ 

សម្តេចបវរធិបតី បញ្ជាក់ថា គ្រាន់តែសេវាសាធារណៈនៅក្នុងរដ្ឋាភិបាលយើង ទូទាំងរដ្ឋាភិបាល ទាក់ទងនឹងស្ថាប័នផ្សេងៗ ជាង ៣០០០សេវា ហើយឯកសារជួនកាល ឯកសារ ២, ៣ កន្លែង គាត់ត្រូវការ តម្រូវការឯកសារដដែលៗ ។ ចួនកាល ឯកសារជាន់គ្នា ។ កន្លែងខ្លះ ត្រូវការអត្តសញ្ញាណបណ្ណ ត្រូវការបណ្ណគ្រួសារ ត្រូវការសំបុត្រកំណើត នៅពេលដែលកិច្ចការហ្នឹង អត់ត្រូវការទេ ហើយដល់ពេលទៅរកសេវាមួយទៀត ទាមទារដូចគ្នា ។ បើសិនជាយើងធ្វើបែបនេះ យើងនឹងមិនអាចដើរលឿនទេ ។ រចនាសម្ព័ន្ធកែហើយ ប៉ុន្តែបើនីតិវិធី របៀបរបបការងារយើង មិនទំនើបកម្ម ឱ្យស្របទៅតាមស្ថានភាពទេ យើងក៏លំបាកដែរ ។

ទន្ទឹមនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានប្រាប់ឱ្យក្រសួងពាណិជ្ជ ពិនិត្យឡើងវិញ តម្លៃ នៃសេវាសាធារណៈនៅកន្លែងខ្លះ មានការកើនជាងអាណត្តិមុនទៅទៀត ដែលហាក់ផ្ទុយនឹងគោលបំណង នៃកំណែទម្រង់ ដែលមានគោលដៅធ្វើឱ្យសេវាសាធារណៈ កាន់តែទាប រហ័ស និងមានប្រសិទ្ធភាពនោះ ។ សម្ដេចថា ក្រសួងពាណិជ្ជកម្ម ត្រូវមើលរឿងហ្នឹងឱ្យច្បាស់។ យើងកំណែទម្រង់ ដើម្បីឱ្យតម្លៃហ្នឹងវាចុះ មិនឱ្យកើនទេ។ ពិនិត្យមើល ទាំងផ្លូវការ ទាំងក្រៅផ្លូវការ ។ កាត់បន្ថយតាមរយៈការរៀបចំនីតិវិធីកុំឱ្យស្មុគស្មាញ។ កាត់បន្ថយនីតិវិធីសាំញ៉ាំ ហើយឌីជីថលឱ្យបានច្រើន ។

នៅក្នុងវេទិកានេះ សម្តេចធិបតី សង្ឃឹមថា ក្រុមការងារពាក់ព័ន្ធ នឹងជជែកគ្នា រកវិធីកាត់នីតិវិធីស្មុគស្មាញ ធានាតម្លៃសេវាទាបសមរម្យ និងពិសេស ធានាបាននូវការគ្រប់គ្រងទិន្នន័យេ ៕

ដោយ ៖ សិលា


ចែករំលែក៖