ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ ! ម៉ោង៩កន្លះ ម្ចាស់ផេក Bun Park នឹងចូលខ្លួនស្រាយបំភ្លឺនៅស្នងការនគរបាលរាជធានីភ្នំពេញ ពន្យល់សមត្ថកិច្ចពាក្យថា «សន្តិភាព»!

ចែករំលែក៖

ភ្នំពេញ ៖ ម្ចាស់ផេក Bun Park នៅព្រឹកថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២៥ នេះ នឹងចូលខ្លួនស្រាយបំភ្លឺនៅស្នងការនគរបាលរាជធានីភ្នំពេញ ពន្យល់សមត្ថកិច្ចពាក្យថា «សន្តិភាព»! នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ 

សូមបញ្ជាក់ថា ៖ បន្ទាប់ពី លោកឧត្តមសេនីយ៍ឯក  ជួន ណារិន្ទ អគ្គស្នងការរង និងជា នគរបាលរាជធានីភ្នំពេញ បង្ហោះថា ៖ ក្នុងនាមខ្ញុំស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យជំនាញខាងផែនសន្តិសុខអញ្ជើញ ប្អូនម្ចាស់ផេក ចូលមកស្នងការដ្ឋាននគរបាលរាជធានីដើម្បីជួយពន្យល់អំពី ពាក្យថា  ” សន្តិភាព “។ សូម អរគុណ។ តាំងពី៣ថ្ងៃមុន គឺ«ម្ចាស់ផេក Bun Park» គេសវេសមិនព្រមចូលខ្លួន ។ ទីបំផុត ! ដល់ពេលលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរង ទទួលផែនការងារសន្តិសុខ ចេញលិខិតកោះហៅ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ទើបរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បុគ្គលឈ្មោះ ប៊ុន រស្មី ម្ចាស់ផេក Bun Park នឹងចូលខ្លួនស្រាយបំភ្លឺនៅស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២៥។ 

ក្នុងនោះម្ចាស់ផេក Bun Park បានបង្ហោះថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ថា ៖ ខ្ញុំបាទ ប៊ុន ផាក នឹងចូលខ្លួនស្រាយបំភ្លឺនៅស្នងការនគរបាលរាជធានីភ្នំពេញ តាមការអញ្ជើញរបស់ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានី នៅព្រឹកថ្ងៃទី 21 ខែ មីនា នេះ។ 

លោកអធិប្បាយថា ៖ ខ្ញុំជឿទៅលើការអនុវត្តនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ហើយខ្ញុំនឹងធ្វើការបកស្រាយពីសំណេរដែលខ្ញុំបានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃ 15 ខែមីនា កន្លងទៅ។ 

ចំពោះសំណេរនេះ ដំបូងគឺខ្ញុំចង់បង្ហាញពីការព្រួយបារម្ភចំពោះករណីដែលបានកើតឡើងទៅលើមិត្តភក្តិរបស់ជនបរទេសឈ្មោះ Christ ដែលត្រូវបានចោរឆក់កាបូបនៅព្រឹកថ្ងៃ 15 ខែមីនា។ ភ្លាមៗនោះ ខ្ញុំក៏បានបញ្ចេញមតិទៅលើបណ្តាញសង្គមថា៖ “កំចាត់ក្មេងទំនើង និងចោរប្លន់ឱ្យបាន ទើបយើងអាចនិយាយបានថា យើងមានសន្តិភាព”។

ជាការយល់ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំ ពាក្យសន្តិភាពគឺសំដៅទៅលើ ភាពសុខសាន្តរបស់ប្រទេសជាតិ ប្រទេសគ្មានសង្គ្រាម ប្រជាជនរស់នៅដោយស្ងប់សុខ គ្មានភាពវឹកវរ គ្មានការព្រួយបារម្ភ មានសុវត្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ជាក់ស្តែងយើងឃើញថា ប្រទេសយើងមានសន្តិភាពពេញលេញហើយ តែបញ្ហាក្មេងទំនើង និងចោរលួច ចោរប្លន់នៅតែកើតមានជាហូរហែរជារឿងធម្មតា ប្រទេសណាក៏មានដូចគ្នាដែរ ហើយយើងក៏ឃើញពីសកម្មភាពដ៏សស្រាក់សស្រាំរបស់សមត្ថកិច្ចក្នុងការបោសសំអាតមេរោគសង្គមទាំងនោះដែរ។ 

ក្នុងនាមជាពលរដ្ឋម្នាក់រស់នៅក្រោមម្លប់សន្តិភាព យើងក៏ចង់ឃើញប្រទេសយើងមានភាពសុខសាន្ត រស់នៅគ្មានការព្រួយបារម្ភ និងទទួលបានការការពារពីស្ថាប័នមានសមត្ថកិច្ច និងមានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ ក្នុងនាមជាពលរដ្ឋដែលកំពុងរស់នៅក្នុងប្រទេសប្រកាន់របបប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។ 

ក្នុងន័យនេះ ខ្ញុំមិនមានចេតនាទុច្ចរិតក្នុងការបំភ្លៃព័ត៌មានមិនពិត ឬធ្វើការវាយប្រហារទៅកាន់ស្ថាប័នសាធារណៈណាមួយឡើយ វាគ្រាន់តែជាការចូលរួមចំណែកឈឺឆ្អើលរឿងអសន្តិសុខក្នុងសង្គម ក្នុងគោលបំណងរក្សារឱ្យបាននូវសន្តិសុខ និងសន្តិភាពជូនប្រជាពលរដ្ឋក្នុងនាមជាអ្នកចែករំលែកចំណេះដឹងមួយរូបប៉ុណ្ណោះ។ 

សូមអរគុណ និងសូមទទួលយកការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ! ប៊ុន ផាក ។ 

សូមជម្រាបថា ៖ មិនទាន់ចូលខ្លួនទេ តែម្ចាស់ផេក Bun Park បានបង្ហោះបកស្រាយ នូវតែបង្កប់ន័យ ចង់ឱ្យប៉ពាល់ដល់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ដូចជាពាក្យថា «ពាក្យសន្តិភាពគឺសំដៅទៅលើ ភាពសុខសាន្តរបស់ប្រទេសជាតិ ប្រទេសគ្មានសង្គ្រាម ប្រជាជនរស់នៅដោយស្ងប់សុខ គ្មានភាពវឹកវរ គ្មានការព្រួយបារម្ភ មានសុវត្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត» ! ។ ដូច្នេះចំណុចនេះ ស្របនឹងពាក្យដែលខ្លួនបង្ហោះថា ៖ “កំចាត់ក្មេងទំនើង និងចោរប្លន់ឱ្យបាន ទើបយើងអាចនិយាយបានថា យើងមានសន្តិភាព”។ ទេ ? មានន័យថា ៖ ម្ចាស់ផេក Bun Park  នៅតែចេតនាបំពុលសង្គមដូចខ្លួនបង្ហោះនោះដដែល ។ 

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានលើកឡើងផងដែរថា ៖ ម្ចាស់ផេក ” Bun Park” មិនចូលខ្លួនតាមសាររបស់សមត្ថកិច្ច គឺនគរបាលយុត្តិធម៌ មានជម្រើសកោះហៅ ឬសុំដីកាបញ្ជាឱ្យចូលខ្លួនពីព្រះរាជអាជ្ញា !

លោកបណ្ឌិត ទូច សុឃ: បានធ្វើការពន្យល់យ៉ាងដូច្នេះថា, បើយើងពិនិត្យជាទិដ្ឋភាពរួមវិញ ប្រទេសណា ក៏ដូចប្រទេសណា ក្នុងពិភពលោកយើងហ្នឹង សូមឱ្យពិនិត្យមើលទាំងអស់ តើប្រទេសណាមួយដែលគ្មានបទល្មើសកើតឡើង ? គ្មានចោរកម្ម គ្មានអំពើប្លន់នោះ គ្មានការសម្លាប់ គ្មានអំពើហិង្សា គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានក្មេងទំនើង ។ បើនិយាយពីមហាអំណាចក្មេងៗទំនើង សាហាវសាហាវជាងខ្មែររាប់សិបដង ហើយជាក្រុម ដែលគេហៅថាមានលក្ខណៈទ្រង់ទ្រាយធំៗ ជារួមខ្ញុំចង់និយាយថាក្នុងពិភពលោកនេះ អ្វីដែលគាត់បានលើកឡើងនោះវាសុទ្ធតែមាន បទល្មើសទាំងអស់ វាគ្រាន់តិចឬច្រើន តូចឬធំ តូច ខ្លាំង ខ្សោយ សាហាវ ឬមិនសាហាវ ឃោឃៅក្នុងកម្រិតណា បែបណាវាទៅតាមស្ថានភាពជាក់ស្ដែងនៃបទល្មើស។ លោកបណ្ឌិតបន្តថា, បើយើងយកពាក្យទាំងអស់នេះមកកំណត់លើ ទិដ្ឋភាពសន្តិភាព ប្រទេសមួយ គឺមិនអាចទទួលយកបានទេ ពីព្រោះវានាំឲ្យមានការយល់ច្រឡំនូវពាក្យថា សន្តិភាព ! សន្តិភាព ជាចម្បងនោះគឺសំដៅទៅលើ គ្មានសង្គ្រាម ទាំងសង្គ្រាមស៊ីវិល ទាំងសង្គ្រាមរវាងរដ្ឋនិងរដ្ឋ ឬសង្គ្រាមក្នុងតំបន់ សង្គ្រាមនៅក្នុងពិភពលោក ។ ដូច្នេះការដែលកើត នូវ ចោរកំប៉ិចកំប៉ុកអង្ករកំប៉ុង នោះវាជាបទល្មើសដែលកើតជាប្រពៃណី ក្នុងសង្គម ក្មេងទំនើងក្តី ចោរឆក់ក្តី ! បញ្ហានេះជាអត់ផុត បើយើងចាត់ទុកបញ្ហាហ្នឹង កើតឡើង យើងមិនហៅថាសន្តិភាពទេ ចឹងពិភពលោកនេះ គ្មានសន្តិភាពទេ ! មហាអំណាចនោះក៏គ្មានសន្តិភាពដែរ បស្ចិមប្រទេស អឺរ៉ុប មជ្ឈិមបូព៌ា អាស៊ី អាស៊ាន ឬក៏ទ្វីបផ្សេងៗដទៃទៀត ក្នុងពិភពលោកនេះគ្មានសន្តិភាពតែម្ដង បើយោងទៅតាមទស្សនៈរបស់គាត់(Bun Park) លើកឡើងនោះ ទស្សនៈរបស់គាត់នេះហើយដែលនាំឲ្យមហាជនមានការស្រពិចស្រពិលទៅលើពាក្យ សន្តិភាព ហើយក៏នាំឲ្យប៉ះពាល់ទៅដល់ សន្តិភាព ដែលរកមកដោយ លំបាករបស់ឥស្សរជន ខ្មែរយើងដែលបានយកជីវិតទៅប្ដូរ ជាពិសេសគឺសម្ដេចអគ្គមហាសេនាធិបតី តេជោហ៊ុនសែន ! ឬក៏អ្នកចង់ញុះឲ្យមានសង្គ្រាមសារជាថ្មី តាមរយៈអំណះអំណាងថាមានចោរលួច មានចោរប្លន់ មានអំពើហឹង្សា មានក្មេងទំនើង ។ នេះជាសញ្ញាសួរ តែខ្ញុំ ! មិនចោទប្រកាន់គាត់ទេ គ្រាន់តែខ្ញុំឆ្លើយតបទៅហ្នឹង សំណួររបស់អង្គភាពមជ្ឈមណ្ឌលព័ត៌មាននគរវត្តដែលសួរមកកាន់ខ្ញុំ អំពីនីតិវិធី ដូចខ្ញុំមានលទ្ធភាពឆ្លើយបែបនេះ ហើយខ្ញុំក៏មានសិទ្ធិក្នុងការចូលរួម បញ្ជាក់ថា រឿងសន្តិភាព មានលក្ខណៈពីជាគោលគឺ សង្គ្រាមស៊ីវិលរវាងគ្នានឹងគ្នា សង្គ្រាមរវាងរដ្ឋមួយ និងរដ្ឋបរទេស ឬជារដ្ឋឧបសម្ព័ន្ធមិត្តយ៉ាងណាក៏ដោយ។ 

ត្រូវយល់ឱ្យច្បាស់ថា អ្នកប្រើពាក្យថា ៖ “កំចាត់ក្មេងទំនើង និងចោរប្លន់ឱ្យបាន ទើបយើងអាចនិយាយបានថា យើងមានសន្តិភាព” ។ នេះមានតម្រុយជាជនសង្ស័យបំពុលសង្គមរួចទៅហើយ ដើម្បីបានការចូលមើលច្រើន ស៊ែរច្រើន ក្នុងនាមគាត់ ជាគ្រូជោគជ័យ សំបូរទ្រឹស្តី ក្នុងទំនាក់ទំនងសង្គម រហូតដល់ នារីខ្លះវង្វែងវក់ដោយសារគាត់ ប្រើភាសាស្នេហា ឆក់បេះដូង ទាំងបំពានសីលធម៌ លើគូកំណាន់ចិត្តអ្នកដទៃ ។ ចំណុចនេះ ម្ចាស់ផេក Bun Park  បើគាត់មានចេតនាបំពុលសង្គម យកពាក្យ សន្តិភាព និង សន្តិសុខ មកបង្កើត ជាវិធានបទ ឱ្យប្រជាពលរដ្ឋមាន ការស្រពិកស្រពិល គឺគាត់មានតម្រុយពិរុទ្ធភាពហើយ ! សំខាន់ តើគាត់មកបកស្រាយ ពន្យល់ ការពារខ្លួន ក្នុងការនិយាយជាសាធារណៈ ការពារខ្លួន បានសមស្របទៅតាមផ្លូវច្បាប់បានទេ ! ឬអាចមានតម្រុយពិរុទ្ធភាព ដែលមន្ត្រីនគរបាលយុត្តិធម៌ អាចធ្វើសេចក្តីសន្និដ្ឋាន(របាយការណ័) បញ្ជូនទៅកាន់តំណាងអយ្យការ ! ៕ 

ដោយ ៖ សិលា


ចែករំលែក៖