ភ្នំពេញ ៖ ក្នុងនាមជាម្ចាស់ផ្ទះប្ដូរវេនសម្រាប់កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈលើកទី២៣ និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្ដីពីកិច្ចការមុខងារសាធារណៈលើកទី៨ និងព្រឹត្តិការណ៍ពាក់ព័ន្ធសម្រាប់ឆ្នាំ២០២៤-២០២៦ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចពីចម្ងាយក្នុងការធ្វើបដិសណ្ឋារកិច្ចទទួលប្រតិភូជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ACCSM នៅព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំក្រុមការងារបច្ចេកទេសនេះដឹកនាំដោយ លោក យក់ ប៊ុនណា រដ្ឋមន្ត្រីស្ដីទី ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធាននិងសមាជិកក្រុមការងារអនុគណៈកម្មការនៃគណៈកម្មការរៀបចំ ACCSM។
សូមជម្រាបផងដែរថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំACCSM កម្ពុជានឹងរៀបចំកិច្ចប្រជុំចំនួនពីរសម្រាប់ឆ្នាំ២០២៥ ទី១ គឺ Preparatory Meeting និងទី២ គឺ Senior Officials Meeting ដែលនឹងប្រព្រឹត្តទៅលើទឹកដីខេត្តព្រះសីហនុ។ ដោយឡែកឆ្នាំបន្ទាប់កម្ពុជានឹងរៀបចំបន្ថែមទៀតក្នុងកម្រិតប្រមុខមុខងារសាធារណៈអាស៊ាន ៕
ដោយ ៖ សិលា