ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពការងារនាំទឹកអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាកសិករប្រមាណ ៥ពាន់ហិកតា ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ

ចែករំលែក៖

ខេត្ត​តាកែវ​៖​ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារនាំទឹកអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាកសិករ ដែលសម្រេចលទ្ធផល ១០០% ក្នុងស្រុកបាទី ខេត្តតាកែវ។

សូមជម្រាបថា នៅស្រុកបាទី ផែនការឆ្នាំ២០២៥ ការបង្កបង្កើនផលស្រូវរដូវប្រាំងមានចំនួន ២ពាន់ហិកតា ក៏ប៉ុន្តែការអនុវត្តធ្វើស្រែប្រាំងមានប្រមាណ ៥ពាន់ហិកតា ខណៈប្រភពទឹកជាក់ស្តែងនៅក្នុងមូលដ្ឋានមិនមានគ្រប់គ្រាន់សម្រាប់បម្រើឱ្យការងារបង្កបង្កើនផល បណ្តាលឱ្យស្រូវប្រាំងប្រជាពលរដ្ឋប្រឈមមុខនឹងបញ្ហាខ្វះខាតទឹកស្រោចស្រព។ 

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា កិច្ចអន្តរាគមន៍ បានសម្រេចលទ្ធផល ១០០% ហើយស្រូវប្រាំងរបស់បងប្អូនប្រជាកសិករក៏បានច្រូតកាត់ប្រមូលផលបានប្រមាណ ៩៥% នៅសល់ប្រមាណ ៥%ទៀត កំពុងច្រូតកាត់បន្ត។ ទន្ទឹមនឹងនេះ ទឹកក្នុងអាងទឹកទន្លេបាទី និងតាមប្រឡាយហនុមាននៅសល់អាចធានាការប្រើប្រាស់រហូតដល់ខែ៧ ខែ៨ ខាងមុខនេះ។ 

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំឱ្យក្រសួងយកចិត្តទុកដាក់ក្នុងការជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ក្រោមការសម្របសម្រួលពីឯកឧត្តមទេសរដ្ឋមន្ត្រី និងដោយមានសំណូមពរពីបងប្អូនប្រជាពលរដ្ឋ ក្រុមការងារអន្តរាគមន៍ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានបើកទ្វារទឹកទំនប់អាងទឹកតាសាល ដើម្បីបញ្ជូនទឹកតាមស្ទឹងព្រែកត្នោត ចម្ងាយប្រមាណជាង២០០គីឡូម៉ែត្រ ឆ្លងតាមប្រឡាយ៧៨ ចូលក្នុងអាងទឹកទន្លេបាទី  ហើយបញ្ជូនបន្តតាមប្រឡាយមេហនុមាន ដោយឆ្លងកាត់ស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ដើម្បីយកទៅជួយស្រោចស្រពផ្ទៃដីស្រូវប្រាំងដែលកំពុងប្រឈមមុខនឹងការខ្វះខាតទឹក ក្នុងឃុំចំនួន៨ នៃស្រុកបាទីមានឃុំក្រាំងធ្នង់ កណ្តឹង ចំបុី ត្រពាំងសាប ចំបក់ ពារាម ពត់សរ និងឃុំត្នោត និងបណ្តាស្រុកមួយចំនួនទៀតរបស់ខេត្តតាកែវ៕

ដោយ​៖ តារា​


ចែករំលែក៖