ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានលម្អិត៖ ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆេះប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ ក្នុងខណ្ឌបឹងកេងកង, សមត្ថកិច្ចប្រើប្រាស់ទឹក១៤ឡាន

ចែករំលែក៖

ភ្នំពេញ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦និង៣០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅទាំង៧ ក្នុងរាជធានីភ្នំពេញ ឲ្យបញ្ចេញរថយន្តពន្លត់អគ្គិភ័យមកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ជុំវិញរោងចក្រដែលកើតមានគ្រោះអគ្គិភ័យនេះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តថា ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ 

ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់រោងចក្រដែលនៅក្បែរនោះ។ 

ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៧គ្រឿង ក្នុងនោះរួមមាន រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០៧គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន១៤ឡាន ស្មើរនឹង៤៨ម៉ែត្រគូប។

ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ថ្ម ទំហំ (៤ម៉ែត្រ x ១៦ម៉ែត្រ) ឆេះបន្ទប់ ទំហំ (៤ម៉ែត្រ x ៤ម៉ែត្រ) ចំនួន០១បន្ទប់ រួមមានម៉ាស៊ីនថតអត្តសញ្ញាណប័ណ្ណ ចំនួន០១គ្រឿង, កុំព្យូទ័រ ចំនួន០១គ្រឿង រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងលេីឡេីយ។ ចំពោះ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៧និង៤០នាទីយប់នាថ្ងៃខែឆ្នាំដដែរ។

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះឡើយ៕

ដោយ​៖ តារា​


ចែករំលែក៖