ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ឃុំ​ខ្លួន​ប្តី​ប្រពន្ធ​​ពីរ​នាក់​ឆបោក​ប្រាក់​៣ម៉ឺន​ដុល្លារ​ លេច​ករណី​នាំ​ពលករ​ខុសច្បាប់​ទៅ​កូរ៉េ​មួយ​ទៀត​​

ចែករំលែក៖

ភ្នំពេញ: ប្តីប្រពន្ធពីរនាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ចំនួន៣ម៉ឺនដុល្លារ តាមរូបភាពរៀបការក្លែងក្លាយទៅប្រទេសអូស្រ្តាលី ដោយលួងលោមនារីម្នាក់ថាបានប្តីនៅប្រទេសអូស្រ្តាលី ជាថ្នូរនឹងការបង់ប្រាក់៣ម៉ឺនដុល្លារ តែពុំបានសម្រេច ត្រូវបានលោក ស្វាយ តុញ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។

ជាមួយគ្នានេះ ប្តីប្រពន្ធពីរនាក់នេះ នៅមានករណីនាំពលករខុសច្បាប់ទៅប្រទេសកូរ៉េមួយករណីទៀត ដែលសំណុំរឿងកំពុងស្ថិតក្រោមចំណាត់ការរបស់លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្ហាញថា បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ធឿន សំណាង ភេទប្រុស អាយុ៣០ឆ្នាំ និង ស្ត្រីឈ្មោះ សុក ស័កធីតា អាយុ២៦ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ” ឆបោកដោយមានស្ថានទម្ងន់ទោសជាក្រុម មានការចាត់តាំងធ្វើសកម្មភាពបង្កើតឲ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ និង បទសមគំនិត ” ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងខែសីហា ឆ្នាំ២០១៣ តាមមាត្រា៣៧៧ មាត្រា ៣៨០ និងមាត្រា៦១០នៃក្រមព្រហ្មទណ្ឌ ៕ ចេស្តា

 

IMG_4270


ចែករំលែក៖