ភ្នំពេញ ៖ រថយន្តមួយគ្រឿង បើកដោយជនជាតិចិន បុករះរួចរត់គេច បង្កឲ្យមនុស្សម្នាក់រងរបួស ដោយម៉ូតូសណ្ដោងរុឺម៉កក្រឡាប់ផ្ងារជេីង ពីចំណុចក្បែរវត្តមហាមន្រ្តី មកឃាត់បាននៅក្បែរផ្សារអូរឬស្សី ក្រោយប៉ះជាមួយម៉ូតូគ្រឿងទៀត ទើបចាប់បាន ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១០ និង ៤០នាទីព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ ១៨២ កែងផ្លូវលេខ ១៤១ ក្នុងសង្កាត់បឹងប្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកេីតហេតុគេបានឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តមួយគ្រឿងម៉ាក AUDI A8L ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BH-2567 បើកក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតឡើងខឿនទៅបុកម៉ូតូរុឺម៉កសណ្ដោងពេញទំហឹង បណ្តាលឲ្យក្រឡាប់ នឹងធ្វើឲ្យម្ចាស់ម៉ូតូសណ្ដោងរុឺម៉ករងរបួស បញ្ជូនទៅមន្ទីរពេទ្យ ។
ក្រោយកេីតហេតុភ្លាមៗ ជនបង្កជាជនជាតិចិនបានបន្តបើករត់គេចឆ្លងកាត់ផ្សារនាគមាស បន្តឡើងកាត់បុរីកីឡា រហូតបើកមកដល់ចំណុចក្បែរផ្សារអូរឬស្សី លើបណ្តោយផ្លូវលេខ ១៨២ កែងផ្លូវលេខ ១៤១ បានទៅប៉ះម៉ូតូមួយគ្រឿងទៀត ទើបព្រមឈប់រថយន្តលែងទៅមុខ ។ ស្របពេលនោះ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ រួចឃាត់បុរសជនជាតិខាងលើ យកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានហៅ រថយន្តស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា រង់ចាំដោះស្រាយពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ