ព័ត៌មានទាន់ហេតុការណ៍៖

ពិធីស្រាយបួសខែរ៉ាម៉ាឌន​ នៃសាសនាឥស្លាមកម្ពុជា​ គឺបង្ហាញអំពីសាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នាប្រកប​ដោយក្តីមេត្តា ករុណា​ រវាងសហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សុខសន្តិភាព

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ ឆ្នាំ២០២៥ នាល្ងាច​ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ថា ពិធីស្រាយបួសខែរ៉ាម៉ាឌន​ នៃសាសនាឥស្លាមកម្ពុជា​ គឺបង្ហាញអំពីសាមគ្គីភាព ការយោគយល់គ្នា និង​ការរស់នៅជាមួយគ្នាប្រកប​ដោយក្តីមេត្តា ករុណា​ រវាងសហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សុខ​សន្តិភាព ហើយក៏ជាឱកាសសម្រាប់ឱ្យអ្នកចូលរួមពិធី បានជួបប្រាស្រ័យទាក់ទងគ្នាកាន់តែជិត​ស្និទ ផ្លាស់ប្តូរគំនិតយោបល់ ចែករំលែកបទពិសោធន៍ល្អៗ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បី​រួមចំណែកដល់ការលើកស្ទួយសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា សំដៅថែរក្សា​នូវសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតីនៅក្នុងការអភិវឌ្ឍសង្គម​សេដ្ឋកិច្ចជាតិ។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដែលឈរលើមូល​ដ្ឋាន​នៃការពង្រឹងសុខដុមនីយកម្មសាសនិកនៃគ្រប់និកាយសាសនា, ប្រឆាំងនូវរាល់​ទង្វើ​រើសអើងសំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិ​សាសនា​នៅកម្ពុជា។ កម្ពុជាពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលគោរពកាន់​សាសនាផ្សេងៗគ្នា, ប៉ុន្តែមានសាមគ្គីគ្នាយ៉ាងល្អ មិនត្រឹមតែជាមោទនភាពសម្រាប់​កម្ពុជា​នោះទេ, ថែមទាំងជាមោទនភាពសម្រាប់ប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ ដែល​ប្រទេសជាច្រើនកោតសសើរចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈគោល​នយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហការ​ល្អជាមួយគ្រប់ស្ថាប័ន អង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់លើការងារ និងបង្កភាព​ងាយ​ស្រួល​ជូនប្រជាពលរដ្ឋគ្រប់សាសនិក នៅព្រះរាជាណាចក្រកម្ពុជា, ទាំងបច្ចុប្បន្ន និងទៅអនាគត ។

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី បានដាក់ចេញនូវអនុសាសន៍ណែនាំមួយចំនួន ដើម្បីឱ្យសហគមន៍​បងប្អូនខ្មែរឥស្លាម ទទួលបាននូវការីកចម្រើនបន្ថែមទៀត ដូចជា៖ ទី១/ ថ្នាក់ដឹកនាំខ្មែរឥស្លាម និងសាសនិកឥស្លាមទាំងអស់ ត្រូវបន្តសហការប្រកបដោយសាមគ្គីភាព និងមិត្តភាព ព្រមទាំង​មានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀត, ទាំងក្នុងថ្នាក់ជាតិ-អន្តរជាតិ, ដោយឈរ​លើគោលការណ៍សុខដុមនីយកម្មជាតិសាសន៍ និងសាសនា, ទី២/ សូមបន្តរៀបចំដឹកនាំ​កិច្ចការ​សាសនា ក្នុងសហគមន៍ខ្មែរឥស្លាម តាមរយៈ កិច្ចសហការ​យ៉ាង​ជិតស្និទ្ធជាមួយក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់, ទី៣/ អាជ្ញាធរមានសមត្ថកិច្ចត្រូវជួយសម្រួលលើការសាងសង់សាលារៀន វិហារឥស្លាម (ម៉ាស្ជិទ-ស៊ូរ៉ាវ) ជូនបងប្អូនខ្មែរឥស្លាម ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីជូនដំណឹងស្តីអំពីការកំណត់ និងការកសាងទីកន្លែងប្រតិបត្តិសាសនា ទៅតាមបណ្តាភូមិ និងមានសាសនិកខ្មែរ​ឥស្លាមរស់នៅ​ឱ្យស្របតាមក្រឹត្យក្រមច្បាប់សាសនាឥស្លាម ដែលបានកំណត់ និងអនុវត្តតាមបច្ចេកទេស​ទៅតាម​ស្ថាប័ន​មានសមត្ថកិច្ច​, ទី៤/ សូមបង្កើនសកម្មភាពសង្គម តាមរយៈកិច្ចការងារមនុស្សធម៌, សុខុមាលភាព, ការអប់រំ​, ការអភិវឌ្ឍ និងសកម្មភាពសាសនា ដោយឈរលើគោលការណ៍នៃ​ជំនឿ​ឥស្លាម និងគោរពតាមរដ្ឋ​ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, ទី៥/ សូមបន្តជឿជាក់ និងគំាទ្រ​លើ​ការ​ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានធានាយ៉ាងពេញលេញនូវសិទ្ធិសេរីភាពខាងសាសនា​ឥស្លាមនៅកម្ពុជា តាមរយៈសាមគ្គីភាពជាមួយសាសនិកដទៃ ដើម្បីភាពសុខដុមនីយកម្ម​ជាតិ​សាសន៍ និងសាសនា, ទី៦/ សូមបន្តកិច្ចសហប្រតិបត្តិការកម្រិតជាតិ-អន្តរជាតិ ដើម្បីកៀរគរថវិកា និងបច្ចេកទេសសម្រាប់គាំទ្រដល់សកម្មភាពអភិវឌ្ឍសហគមខ្មែរឥស្លាម ដោយចៀសវាងការ​យក​សាសនាសម្រាប់ធ្វើអាជីវកម្ម, បង្កើតបញ្ហាមិនល្អ, បែកបាក់សាមគ្គី និង ភាពជ្រុលនិយម​ក្នុង​សហគមន៍ ៕


ចែករំលែក៖