ខេត្តរតនគិរី៖ បឹងកន្សែង ដែលជាបឹងធម្មជាតិមួយស្ថិតនៅចំកណ្តាលបេះដូងនៃខេត្តរតនគិរី និងជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយក្នុងខេត្តរតនគិរី។ បច្ចុប្បន្នបានរមណីយដ្ឋានបឹងកន្សែងគឺជាកន្លែងដ៏ទាក់ទាញបំផុតរបស់ប្រជាពលរដ្ឋក្នុងក្រុងបានលុង និងភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកគយគន់ជាមួយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល និងជាទីកន្លែងហាត់ប្រាណដ៏ពេញនិយមរបស់មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងបានលុងផងដែរ។
បឹងកន្សែងដែលមានទីតាំងស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ស្រុកបានលុង ខេត្តរតនគិរី គឺជាកន្លែងដែលមានបរិស្ថានស្អាត សោភណ្ឌភាពល្អ ប្រកបដោយអនាម័យខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណមាត់បឹងស្រស់ស្អាត មានរៀបចំសួនច្បារស្រស់បំព្រង និងបំពាក់ភ្លើងបំភ្លឺសាធារណៈ សាងសង់រូបសំណាក់គ្រួសារដំរី រូបសំណាក់សត្វ អក ព្រមទាំងរូបសំណាកសត្វដ៏ទៃច្រើនទៀត គួរជាទីចាប់អារម្មណ៍យ៉ាងខ្លាំង។ ភ្ញៀវទេសចរដែលទៅលេងនៅបឹងនេះហើយគឺទទួលបានអារម្មណ៍ស្រស់ស្រាយ និងបង្កើតអនុស្សារីល្អៗជាច្រើនដែលមិនអាចបំភ្លេចបាន។ បឹងកន្សែងគឺជាកន្លែងកម្សាន្តដ៏ល្បីប្រចាំខេត្តរតនគិរី និយាយរួមទៅ បឹងនេះគឺជាទីកន្លែងដ៏សែនមនោរម្យបើបានកមលេងខេត្តរតនគិរីហើយ សូមកុំរំលងរមណីយដ្ឋានធម្មជាតិនេះឱ្យសោះ។
គួរបញ្ជាក់ដែរថា ក្រោមការគិតគូរយកចិត្តទុកដាក់ពីសំណាក់ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បឹងធម្មជាតិមួយនេះបានប្រែមុខមាត់ថ្មី ដ៏ស្រស់ត្រកាលនិងបានក្លាយជាកន្លែងដែលមានបរិស្ថានស្អាត សោភណ្ឌភាពល្អ និងជារមណីយដ្ឋានល្អឯកប្រកបដោយភាពទាក់ទាញ ដោយមានការរៀបចំដាក់ឧបករណ៍ហាត់ប្រាណ និងឧបករណ៍សម្រាប់ក្មេង ជិះលេងតាមមាត់បឹង មានខ្សែរ៉តជិះលេងកំសាន្ត មានរៀបចំសួនច្បារស្រស់បំព្រង និងបំពាក់ភ្លើងបំភ្លឺសាធារណៈ សាងសង់រូបសំណាក់គ្រួសារដំរី រូបសំណាក់សត្វ អក ព្រមទាំងរូបសំណាកសត្វដ៏ទៃច្រើនទៀត គួរជាទីចាប់អារម្មណ៍យ៉ាងខ្លាំង៕
ដោយ៖ សូរិយា