ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការថា ៖ ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ ម្ខាងភរិយាត្រូវវះកាត់។ បើទោះជាឆ្លងផុតដំណាក់ការគ្រោះថ្នាក់មកដល់សុវត្តិភាពហើយក៏ដោយតែក្នុងឋានះជាស្វាមីនៅតែមានកង្វល់ព្រោះមិនអាចនៅកំដរនិងមើលថែទាំភរិយាបាន។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ៖ រឿងធ្ងន់ជាងនេះគឺបងប្រុសទីមួយមិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ។
សម្តេចតេជោ ហ៊ុន សែន លើកថា ៖ ក្នុងក្រុមគ្រួសារបានត្រៀមទទួលការឈឺចាប់ដែលមិនអាចជៀសវាងបាននេះរួចហើយ។
សម្តេចតេជោ ហ៊ុន សែន បន្តថា ៖ ម្ខាងភរិយាម្ខាងបងប្រុសក្នុងពេលតែមួយនិងនៅកន្លែងខុសគ្នា។ភរិយាខ្ញុំជំរុញឲ្យខ្ញុំប្រញាប់ទៅមើលបងប្រុសនិងក្នុងករណីបងប្រុសចែកឋានក្នុងពេលឆាប់គ្រប់កម្មវិធីច្បាស់ជាមិនមានវត្តមានភរិយាខ្ញុំឡើយ។
សម្តេចតេជោ ហ៊ុន សែន «រឿងចម្លែក»សូមជួយមើលរូបថតបងប្រុសខ្ញុំដែលរូបថតតែមួយសន្លឹកតែពេលថតចូលក្នុងទូរសព្ទមានរូបប្លែកពីគ្នានៅត្រង់រូបមួយសន្លឹកមានទឹកភ្នែកដូចជាយំហាក់បង្ហាញនូវការមិនអស់ចិត្តឬនៅអាឡោះអាល័យអ្វីមួយ។ពេលនេះទោះចង់សួរគាត់ក៏សួរមិនបានដែរព្រោះគាត់សន្លប់មិនដឹងខ្លួន២៤ម៉ោងរួចមកហើយ។
សម្តេចតេជោ ហ៊ុន សែន ថា ៖ មិនដឹងថាអ្នកវិទ្យាសាស្ត្របកស្រាយរបៀបណា?និងអ្នកអបីយជំនឿបកស្រាយរបៀបណា? ៕
ដោយ ៖ សិលា