ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ភ្លាម បង្ក្រាបបានភ្លែត ! ជនសង្ស័យ០២នាក់ធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់បានសម្រេច គាប់ជួនសមត្ថកិច្ចឃេីញចាប់ឃាត់ខ្លួនភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលដង្កោ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វេីការចាប់ឃាត់ខ្លួនជនសង្ស័យ០២នាក់ភ្លាមៗ បន្ទាប់ពីក្រុមជនសង្ស័យទាំង០២នាក់ខាងលេីនេះ ធ្វេីសកម្មភាពលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ) កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៨និង២០នាទី ត្រង់ចំណុចផ្លូវលេខ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជឹម ជឿន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ សិល្បករ មានទីលំនៅផ្ទះលេខ១៣៧  ផ្លូវលេខ០២  ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យចំនួន០២នាក់ដែលឃាត់ខ្លួនបានរួមមាន ៖ ទី១-ឈ្មោះ ដាវ សាន់ឆាយ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ទី២-ឈ្មោះ ផល សុវណ្ណារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិក្រពើហា ឃុំព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ឃាត់ខ្លួននៅវេលាម៉ោង១៨និង២០នាទី ត្រង់ចំណុចផ្លូវ២១៧ ស្ថិតនៅភូមិតាឡី  សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ដោយសម្ភារៈបន្សល់ទុក: ១/ម៉ូតូម៉ាក HONDA DREAM C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១CS-០៨៦៩ លេខតួនិងលេខម៉ាសុីន ៩២១៤៣២៣ ចំនួន០១គ្រឿង ២-ទូរសព្ទដៃម៉ាក I Phone ១២Pro Max ពណ៌ខៀវ ចំនួន០១គ្រឿង ។ 

គួរបញ្ជាក់ថា : កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៨និង០០នាទី ជនរងគ្រោះឈ្មោះ ជឹម ជឿន ភេទប្រុស អាយុ៣៦ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកHONDA ZOOMER X ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ ១Q-៧៨៥៨ លេខតួនិងលេខម៉ាសុីន ៥០២៧៤៦៣ ចេញពីធ្វើការនៅស្ថានីយ៍ទូរទស្សន៍-វិទ្យុ បាយ័ន ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មកផ្ទះលេខ១៣៧  ផ្លូវលេខ០២  ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលធ្វើដំណើរមកដល់ចំណុចមុខរោងចក្រស្រាបៀរកម្ពុជា ផ្លូវ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កា ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនរងគ្រោះក៏បានដកទូរស័ព្ទដៃ០១គ្រឿងម៉ាក I Phone ១២Pro Max ពណ៌ខៀវ ចេញពីក្នុងហោប៉ៅខោខាងឆ្វេង មកចុចឆាតទៅមិត្តភក្កិ ពេលនោះក៏ជនសង្ស័យចំនួន០២នាក់  ទី១-ឈ្មោះ ដាវ សាន់ឆាយ ភេទប្រុស អាយុ១៦ឆ្នាំ ទី២-ឈ្មោះ ផល សុវណ្ណារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១CS-០៨៦៩ លេខតួនិងលេខម៉ាសុីន ៩២១៤៣២៣ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក់ខាងលើរបស់ជនរងគ្រោះ ដោយឈ្មោះ ដាវ សាន់ឆាយ ដែលជាអ្នកបើកម៉ូតូ និងជាជនដៃដល់ រួចជនសង្ស័យក៏បានជិះគេចខ្លួន ។ស្របពេលនោះកម្លាំងសមត្ថកិច្ចដែលកំពុងជិះម៉ូតូល្បាត បានឃើញក៏បានអន្តរាគមន៍ប្រដេញឃាត់ខ្លួនជនសង្ស័យបានត្រង់ចំណុចផ្លូវ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនឹងវត្ថុតាង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ធ្វើការសាកសួរតាមនីតិច្បាប់ ហើយជនរងគ្រោះក៏បានដាក់ពាក្យចំឈ្មោះជនសង្ស័យផងដែរ។     

ដោយមានពាក្យបណ្តឹងជនរងគ្រោះនិងមានការសម្របសម្រួលពី លោក ទី មុនិន្ទ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានអនុញ្ញាតឲ្យសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ដេីម្បីអនុវត្តតាមនីតិវិធីច្បាប់តែម្តង៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖