ភ្នំពេញ៖ ក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៥ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ស្ថិតនៅក្នុងសាស្រ្តយោធភូមិភាគពិសេស ដែលបានប្រារព្ធធ្វើនៅទីបញ្ជាកងការពារព្រំដែនលេខ៦០១ យោធភូមិភាគពិសេស ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូននាយ ទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលសម្តេចធិបតី និង លោកជំទាវ តែងតែយកចិត្តទុកដាក់ចំពោះកងទ័ព និងគ្រួសារកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចការពារអធិបតេយ្យ បូរណភាព ទឹកដី និងសន្តិសុខជូនប្រជាពលរដ្ឋនៅទិសជួរមុខនៃមាតុភូមិ ។ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង ការពារជាតិ បានបញ្ជាក់ថា÷ សន្តិភាពដែលរកបានដោយលំបាកត្រូវរួមគ្នាការពារឱ្យបានគង់វង្ស។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ បានជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់មេបញ្ជាការ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ដែលស្ថិតនៅក្នុងសាស្រ្ត យោធភូមិភាគពិសេស ទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ សូមឲ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន កម្លាំងខ្លាំងក្លា ប្រាជ្ញាវៀងវៃ ព្រម ទាំងសម្រេចបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ ៕
ដោយ៖ សូរិយា