ព័ត៌មានទាន់ហេតុការណ៍៖

ទុនវិនិយោគសរុបប្រមាណ ១០៤លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ៤,៤ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគ​ ក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ហៅ​កាត់​ថា​ CDC  នៅរសៀលថ្ងៃទី​២៥​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី៥ ក្នុងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១២គម្រោង និងគម្រោងបន្ថែមមុខសញ្ញាផលិតកម្មចំនួន ១គម្រោង។

ជាក់ស្ដែង​នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ កាលពីព្រឹកមិញនេះ​ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ចំនួន១២គម្រោង និងគម្រោងបន្ថែមមុខសញ្ញាផលិតកម្មចំនួន ១គម្រោង ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ វិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។ 

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានបញ្ជាក់ថា​ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១០៤លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ៤,៤ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង (កែច្នៃឈើដាំដុះក្នុងស្រុកគ្រប់ប្រភេទ, ផលិតបរិក្ខារអគ្គិសនីបំភ្លឺនិងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ផលិតអំពូលលម្អនិងគ្រឿងបន្ទាប់បន្សំអគ្គិសនី, ផលិតអំពូលភ្លើងគ្រប់ប្រភេទ,  ផលិតគ្រឿងអេទ្បិចត្រូនិកនិងសម្ភារៈបរិក្ខារបន្ទាប់បន្សំគ្រប់ប្រភេទ, ផ្គុំដំទ្បើងគ្រឿងអេទ្បិចត្រូនិកគ្រប់ប្រភេទ, ផលិតគ្រឿងបង្គុំឧបករណ៍ប្រើប្រាស់ក្នុងផ្ទះធ្វើពីលោហធាតុ, ផលិតផលិតផលពីក្រដាស, ផលិតឧបករណ៍បរិក្ខារពេទ្យ, ផលិតគ្រឿងបង្គុំឧបករណ៍ប្រើប្រាស់ក្នុងផ្ទះធ្វើពីលោហធាតុ, និងការបន្ថែមមុខសញ្ញាបោកគក់សម្លៀកបំពាក់) វិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង (បង្កើតមន្ទីរពេទ្យ និងមន្ទីរពហុព្យាបាលជំងឺចំនួន៨០គ្រែ) និងវិស័យទេសចរណ៍ចំនួន១គម្រោង (បង្កើតរមណីយដ្ឋានចម្រុះ) ដោយបានបោះទីតាំងវិនិយោគនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ត្បូងឃ្មុំ ព្រះសីហនុ និងស្ទឹងត្រែង៕

ដោយ​៖ តារា​


ចែករំលែក៖