ខេត្តព្រះសីហនុ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍សំខាន់ៗ នាឱកាស អញ្ជើញ ជាអធិបតី ភាព ក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ។
សូមអាន ប្រសាសន៍សំខាន់ៗរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម ៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែង បង្ហាញក្ដីសោមនស្សរីករាយដែលបានអញ្ជើញជា អធិបតីក្នុងពិធីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការ នៅខេត្តព្រះសីហនុ ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
-សម្ដេចធិបតី ថ្លែង ថា ខេត្តព្រះសីហនុ ជាខេត្តសក្ដានុពលមួយដែលត្រូវកសាងមិនអាចអត់បានឡើយ ខណៈខេត្តនេះ គឺជាខេត្តនាំមុខដែលមានកំពង់ផែទឹកជ្រៅ ដែលអនុញ្ញាតឱ្យកំពង់ផែនេះ មានសមត្ថភាពទទួលការចូលចតរបស់នាវាដឹកទំនិញធំៗលើពិភពលោកអាចចូលចតបានស្ទើរតែ១០០% នៅក្នុងឆ្នាំ២០២៩។ ជាពិសេសកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់ចំនួន ១លាន TEUs ជាលើកដំបូង។
-សម្ដេចធិបតី ថ្លែង ថា សក្ដានុពលខេត្តព្រះសីហនុ នឹងកាន់តែរីកធំតទៅទៀតនាពេលខាងមុខ ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតនោះ គឺធនធានមនុស្សក្នុងខេត្ត ដើម្បីបម្រើដល់ការអភិវឌ្ឍរីកចម្រើនទាំងនេះ។
-សម្ដេចធិបតី ថ្លែងថា កាលពីម្សិលមិញសម្ដេចបានជួបជាមួយនឹង លោកស្រី Mariam J. Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា, វៀតណាម និងឡាវ និងសហការី។
-សម្ដេចធិបតី បានថ្លែង បញ្ជាក់ថា ក្នុងឱកាសជំនួបនេះ សម្ដេចនឹងនាយិកាគ្រប់គ្រងនៃធនាគារពិភព បានមើលឃើញដូចគ្នាថា ចំណុចសំខាន់ក្នុងការអភិវឌ្ឍរីកចម្រើន គឺមានធនធានមនុស្សដែលខ្លាំង ហើយធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
-សម្ដេចធិបតី ថ្លែង បញ្ជាក់ទៀតថា កាលពីម្សិលមិញ សម្ដេចក៏បានដឹកនាំប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំ គន្លងអប់រំនៅកម្ពុជា ជាមួយរដ្ឋមន្រ្ដីក្រសួងអប់រំ និងក្រសួងការងារ ដើម្បីតម្រង់ទិសពង្រឹងការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងគោលបំណងកសាងកម្មវិធីអប់រំមួយ ដែលមានច្រកសិក្សាច្រើនជម្រើស ដោយផ្អែកលើសមត្ថភាពសិស្ស និងមានទំនាក់ទំនងច្បាស់លាស់ប្រកបដោយភាពបត់បែន រវាងប្រព័ន្ធអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍន៍មូលធនមនុស្សប្រកបដោយសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច។
-សម្ដេចធិបតី ថ្លែងថា ឆ្នាំនេះសម្ដេចនឹងអញ្ជើញជួបជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សច្រើន ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធនានានៅតាមសាលារៀន ហើយនៅឆ្នាំក្រោយសម្ដេចនឹងបន្តជួបជាមួយបងប្អូនកម្មករកម្មការិនីតាមរោងចក្រ។
-សម្ដេចធិបតី ថ្លែងថា កុំខ្វល់ជាមួយអ្នកដែលនិយាយលាបពណ៌មកលើការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ប៉ុន្ដែយើងត្រូវខិតខំបន្តអភិវឌ្ឍន៍ និងផ្ដល់ប្រយោជន៍ទៅដល់ប្រជាពលរដ្ឋពិតប្រាកដ ដូចជាការសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការ នៅខេត្តព្រះសីហនុថ្ងៃនេះ គឺជាសមិទ្ធផលជាក់ស្ដែង។
-សម្ដេចធិបតី ថ្លែងថា ពេលផ្លាស់ប្ដូរពីមេជើងគោក មកជានាយករដ្ឋមន្រ្ដី ប្រសិនបើអាចប្ដូរពេលវេលាពីមួយថ្ងៃ ២៤ ម៉ោងទៅមួយថ្ងៃ ៤៨ ម៉ោង ខ្ញុំកាន់តែអរ ដើម្បីមានពេលវេលាច្រើនគិតគូរពីការអភិវឌ្ឍប្រទេសជាតិ និងជួយដល់ប្រជាពលរដ្ឋ។
-សម្ដេចធិបតី ថ្លែង ថា អ្នកនយោបាយប្រឆាំងខ្លះស្រែកថាស្នេហាជាតិ ទឹកដី ប៉ុន្តែមិនដែលធ្វើអ្វីឱ្យចំណេញដល់ជាតិ មានតែរុញឱ្យកងទ័ពទៅបាត់បង់ជីវិតនៅតាមព្រំដែន។
-សម្ដេចធិបតី ថ្លែង ថា ករណីកោះគុតមិនទាន់បាត់បង់ឡើយ ពោលគឺមន្ត្រីជំនាញកំពុងចចារតាមជំនាញ និងការទទួលសុខត្រូវ។ សម្ដេច ថាបញ្ហាព្រំដែនជារឿងដ៏ស្មុគស្មាញ ព្រោះព្រំដែនខ្លះបន្សល់ពីសម័យបារាំង ចំណុចខ្លះគ្មានព្រំដែនរដ្ឋបាល ចំណែកព្រំដែនខ្លះមានត្រឹមសន្ធិសញ្ញា។
-សម្ដេចធិបតី ថ្លែង ថា រដ្ឋាភិបាល តែងគិតគូរចំពោះទាហានតាមព្រំដែនជាប់ជានិច្ច មិនដែលបំភ្លេចឡើយ តួយ៉ាងរដ្ឋបានបន្ថែមរបបអាហារ ស្បៀង អាវភ្លៀង អាវរងារ ឱសថ និងការចែកដីធ្លីជូនគ្រួសារកងទ័ព។
-សម្តេចធិបតី ថ្លែង ថា មូលហេតុដែលទាហានការពារព្រំដែន ត្រូវបរិភោគបាយនៅលើដី គឺព្រោះតែទាហានទាំងនោះកំពុងត្បាតតាមបន្ទាត់ព្រំដែន ទើបគ្មានតុបាយត្រឹមត្រូវ។ សម្ដេចបន្ថែមទាហានបច្ចុប្បន្ន គឺមានភាពល្អប្រសើរច្រើនជាងកាលពីពេលប្រទេសកំពុងមានសង្គ្រាម។
-សម្ដេចធិបតី ថ្លែង ឱ្យមន្ត្រីក្រោមឱវាទ ផ្គើនដាក់ក្រុមរិះគន់ថារដ្ឋាភិបាលមិនគិតគូរពីពលរដ្ឋ តាមរយៈការប្រឹងប្រែងជួយពលរដ្ឋឱ្យបានច្រើនបន្ថែម។ សម្ដេច បញ្ជាក់ ប្រាប់មន្ត្រីក្រោមបង្គាប់ថា ត្រូវស្ដាប់ពីទុក្ខកង្វល់របស់ពលរដ្ឋ ហើយចុះជួយ ប៉ុន្តែមិនត្រូវស្ដាប់ឬខ្វល់មតិរបស់ក្រុមកេងចំណេញនយោបាយមួយចំនួនឡើយ។
-សម្ដេចធិបតី ថ្លែង ថា ផ្គើនឱ្យក្រុមមាននិន្នាការប្រឆាំងបន្តទេជេរតែឯងទៅ ប៉ុន្តែសម្ដេចគ្មានពេលស្ដាប់ឡើយ ព្រោះជាប់រវល់ស្ដាប់ពលរដ្ឋ និងធ្វើការងារដើម្បីពលរដ្ឋ។
-សម្ដេចធិបតី ថ្លែងថា មកដល់ម៉ោងនេះ ខេត្តព្រះសីហនុ តាមរយៈការប្រកាសដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាល និងការសម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃកម្មវិធីពិសេសនេះរហូតដល់ដំណាច់ឆ្នាំ២០២៥ ជាលទ្ធផលក្រុមការងារពិសេសជំរុញការវិនិយោគទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៣០២ គម្រោង ក្នុងនោះគម្រោងដែលទទួលបាន «លិខិតអនុញ្ញាតជាគោលការណ៍» ចំនួន ២៦៩ គម្រោង។ ខណៈដើម្បីជំរុញសកម្មភាពអភិវឌ្ឍន៍ឡើងវិញ រាជរដ្ឋាភិបាលទើបបានអនុម័តគម្រោងអភិវឌ្ឍន៍ ខេត្តជាប់សមុទ្រ ក្នុងនោះយកខេត្តព្រះសីហនុជាគោលផងដែរ។
– សម្ដេចធិបតី ថ្លែង រំពឹងថា ខេត្តព្រះសីហនុនឹងមានការអភិវឌ្ឍកាន់តែរីកចម្រើនទៅមុខ ដោយពឹងផ្អែកលើសមត្ថភាពកូនខ្មែរ ដូចពាក្យថា «ខ្មែរធ្វើបាន»។
-សម្ដេចធិបតី ថ្លែងរម្លឹកពាក្យស្លោកមួយថា «សង្គ្រាមគឺជាទីលាន ទីកន្លែងដែលក្មេងៗ យុវជន អត់ដែលស្គាល់គ្នា អត់ដែលស្អប់គ្នា ប៉ុន្ដែសម្លាប់គ្នា តាមមនោគមវិជ្ជាអ្នកនយោបាយចាស់ៗ»។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាដោះស្រាយដោយសន្ដិវិធី ការពារម៉ឹងម៉ាត់ ចៀសវាងការកាប់សម្លាប់ ប៉ុន្ដែត្រៀមខ្លួនគ្រប់ពេលក្នុងការការពារបូរណភាពទឹកដី៕
ដោយ ៖ តារា