ខេត្តបាត់ដំបង៖ បើយោងតាមរបាយការណ៍ ការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហាញឱ្យដឹងថា នៅក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងខេត្តបាត់ដំបង សរុបចំនួន១៨៣លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន៧៨នាក់ និងទទួលរងរបួសធ្ងន់ស្រាលសរុប៣២០នាក់។បើប្រៀបធៀបក្នុងរយៈពេល៩ ខែ ឆ្នាំ២០១៥គ្រោះថ្នាក់ចរាចរណ៍មានការថយចុះចំនួន៧លើក ថយមនុស្សស្លាប់១១នាក់ ប៉ុន្តែកើនអ្នករងរបួស ៤៩នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍រយៈពេល៩ខែ ខាងលើត្រូវគេមើលឃើញថាភាគច្រើន បង្កឡើង ដោយអ្នកបើកបរយានយន្តប្រើប្រាស់ល្បឿនលឿនរហូតដល់៨៥លើក ។
ក្នុងប្រតិបត្តិការបង្ការទប់ទប់ស្កាត់អត្រាគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបាត់ដំបង កាលពីថ្ងៃចុងសប្តាហ៍នេះនគរបាលចរាចរសហការនិងនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមកាអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្ត បានចុះត្រួតពនិត្យរិតបន្តឹងច្បាប់ចរាចរណ៍នៅពេលយប់។សេចក្តីរាយការណ៍ឱ្យដឹងថា ត្រួតពិនិត្យអ្នកបើករថយន្តតូចធំចំនួន៩២នាក់ ពិនិត្យទឹកនោមរកឃើញអ្នកប្រើប្រាស់ថ្នាំញៀនចំនួន២៦នាក់ គិតជាភាគរយស្មើនិង២៤ភាគរយ។អ្នកប្រើប្រាស់ថ្នាំញៀន២៦នាក់ ជាអ្នកបើករថយន្តក្រុង បើករថយន្តដឹកទំនិញធុនធំ បើករថយន្តលំដាប់VIP និងរថយន្ត ដឹកបន្លែផ្លែឈើផងដែរ។ អ្នកបើករថយន្តមានផ្ទុកសារធាតុញៀនត្រូវបានសមត្ថកិច្ចសុំគោលការថ្នាក់លើអនុវត្តតាមនីតិច្បាប់ ។ អ្នកបើករថយន្តក្រុង រថយន្តតាក់ស៊ី រថយន្តដឹកទំនិញធុនធំ នៅពេលយប់ មានប្រើប្រាសថ្នាំញៀនបែបនោះ ជាផ្នែកធ្វើឱ្យប្រឈមនិងបង្កគ្រោះថ្នាក់ចរាចរណ៍ផងដែរ។សេចក្តីរាយការណ៍ឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ធំៗបណ្តាលឱ្យមនុស្សស្លាប់ច្រើននាក់នៅខេត្តបាត់ដំបងកន្លងមកនោះក៏គេដាក់ការសង្ស័យអ្នកបើករថយន្តប្រើប្រាស់ថ្នាំញៀនផងដែរ។
ពាក់ព័ន្ធនិងការអនុវត្តរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅខេត្តបាត់ដំបងនេះដែរ លោក វរសេនីយ៍ឯក សាធ គឹមសាន នាយករិយាល័យនគរបាលចរាចរណ៍ខេត្តប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ នេះថា រយៈពេលមួយសប្តាហ៍ចុងក្រោយនគរបាលចរាចរបានចុះត្រួតពិនិត្យទៅលើអ្នកបើកបរយានយន្ត គ្រប់ប្រភេទតាមដងផ្លូវជាតិក្នុងភូមិសាស្រ្តខេត្តបាត់។ ដោយពិនិត្យលើកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ត្រួតពិនិត្យល្បឿន រថយន្តដឹកសំពីងសំពោង អ្នកបើករថយន្តអត់ពាក់ខ្សែក្រវ៉ាត៉ រថយន្តគ្មានបំពាក់ឧបករណ៍សម្ភារៈបច្ចេកទេសត្រឹមត្រូវ ម៉ូតូអត់ដាក់កញ្ចក់ អត់ពាក់មួកសុវត្ថិភាព ជាដើម។ពិនិត្យរកឃើញអ្នកបើកយានយន្តគ្រប់ប្រភេទបើកបរល្មើសច្បាប់សរុបចំនួន៥៣៨គ្រឿង ក្នុងនោះក៏ធ្វើការអប់រំនិងផាកពិន័យតាមច្បាប់ គិតជាទឹកប្រាក់សរុប១៥លាន ៣សែនរៀល។
លោកនាយការិយាល័យចរាចរណ៍ខេត្តបាត់ដំបងក៏ធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងក៏ដើម្បីការពារអាយុជីវិតខ្លួនឯងផងដែរ ៕ សំ វិច្ឆិកា