ខេត្តរតនគិរី៖ មន្ត្រីបរិស្ថាន បានរឹបអូសឈើពីរកន្លែងដាច់ដោយឡែកពីគ្នានៅស្រុកលំផាត់ ។ មន្ត្រីបរិស្ថានបានឲ្យដឹងនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ បានបង្ក្រាបឈើមួយកន្លែងប្រភេទឈើធ្នង់ចំនួន៥២ដុំ នៅចំណុចផ្លូវបំបែកអូរវ៉ាក់ ទី២នៅយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ បានបង្ក្រាប និងរឹបអូសឈើប្រណីតប្រភេទធ្នង់ចំនួន៥៦ដុំ នៅក្បែរព្រៃស្ថិតក្នុងភូមិថ្មីឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។
លុះដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ភ្នាក់ងារកាសែតនគរវត្ត បានចុះទៅដល់ស្នាក់ការដែនជម្រកសត្វព្រៃលំផាត់ ដែលបានជួបមន្ត្រីម្នាក់ ដែលមានឈ្មោះធឹម វិចិត្រ បានប្រាប់ថា ឈើប្រណិតប្រភេទធ្នង់ចំនួន១០៨ដុំនេះ ដែលលោកបានរឹបអូសពីឈ្មួញរកស៊ីបទល្មើសព្រៃឈើ បម្រុងដឹកចេញទៅលក់ឲ្យឈ្មួញនៅប្រទេសវៀតណាមដោយលោតឆត្រ ។
ទើបមន្ត្រីរូបនោះរឹបអូសយកមករក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃតែម្តង ។
បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឲ្យដឹងថា មានរថយន្តជាច្រើនដូចជា រថយន្តបាឡែន រថយន្តឡង់គ្រីស័រ រថយន្តតូយូតា នឹងរថយន្តត្រូពិច ដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃមិនដែលឃើញមន្ត្រីជំនាញបរិស្ថាននឹងមន្ត្រីរដ្ឋបាលព្រៃឈើបានឈរជើងនៅតាមបណោយផ្លូវជាតិលេខ៧៦មិនដែលធ្វើការបង្ក្រាបម្តងណាឡើយ ប្រហែលមេឈ្មួញទាំងនោះ សែនត្រូវហើយមើលទៅ រីឯឈើដែលលាក់ទុកនោះមិនបានសែនហើយមើលទៅ បានជារឹបអូសឈើទាំងនោះមករក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃលំផាត់ បង្អួតថ្នាក់លើឲ្យដឹង៕ វុទ្ធឦសាន