ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​៖​ តំណាងវិនិយោគិនអាម៉េរិក​ បង្ហាញនូវចំណាប់អារម្មណ៍ជាវិជ្ជមាន ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អាម៉េរិក នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ​ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា (AmCham Cambodia), ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC), វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។

កិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អាម៉េរិក នាឱកាសនោះ​ បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានគ្រោងទុក ដោយបានលើកយកប្រធានបទជាអាទិភាពមកពិភាក្សាយ៉ាងផុសផុលជុំវិញបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា រួមមានជាអាទិ៍៖ (១)បទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ, (២)កត្តាជំរុញលើកកម្ពស់លទ្ធភាពក្នុងការចូលមកកាន់ទីផ្សារកម្ពុជា ពីសំណាក់ការវិនិយោគ និងធុរកិច្ចពីសហរដ្ឋអាម៉េរិក, (៣) នីតិវិធីពាក់ព័ន្ធ និងកិច្ចសម្របសម្រួលវិនិយោគនានា និងបញ្ហាផ្សេងៗ។

ជាកិច្ចចាប់ផ្ដើម លោកឧបនាយករដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល​ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់ លោកស្រីភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា, តំណាងក្រសួងស្ថាប័ន, តំណាងវិស័យឯកជនអាម៉េរិក ដែលបានអញ្ជើញចូលរួមយ៉ាងកុះករនាឱកាសនេះ និងបានថ្លែងអំណរគុណជូនចំពោះវិនិយោគិនអាម៉េរិកទាំងអស់ ដែលបានសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិការធុរកិច្ច ក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់។ 

ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីកំណើននៃគម្រោងវិនិយោគដែលគួរឱ្យកត់សម្គាល់ ពិសេសគឺការបំបែកកំណត់ត្រារបស់ ក.អ.ក. ដែលសម្រេចបាននូវការអនុម័យគម្រោងចំនួន ៤១៤ ក្នុងឆ្នាំ២០២៤។ តួលេខនេះ ជាសក្ខីភាពស្តែងឱ្យឃើញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគពីវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការអនុវត្តឌីជីលូបនីយកម្មនៅ ក.អ.ក. តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងបានរំលេចអំពីមុខងារ e-Signature របស់ប្រព័ន្ធ ដែលផ្តល់ភាពបត់បែនខ្ពស់ក្នុងការអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បានពីគ្រប់ទីកន្លែងនិងពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។

តាមរយៈវេទិកានៃកិច្ចសន្ទនានោះដែរ តំណាងវិនិយោគិនអាម៉េរិកបានបង្ហាញនូវចំណាប់អារម្មណ៍ជាវិជ្ជមាន ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការផ្លាស់ប្តូរយោបល់  ពិសេស ជាមួយនឹងបទពិសោធន៍ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយ បន្ទាប់ពីបានលើកឡើងកាលពីកិច្ចប្រជុំលើកទី១ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ កន្លងមក តំណាងវិនិយោគិនអាម៉េរិករំពឹងថាបន្ទាប់ពីជំនួបសន្ទនាលើកទី២នេះ ពួកគេក៏នឹងទទួលបានលទ្ធផលជាវិជ្ជមានទៅតាមលំដាប់នីតិវិធី និងបទដ្ឋានគតិយុត្តពាក់ព័ន្ធថែមមួយកម្រិតទៀតផងដែរ។

គួររម្លឹកដែរថា៖ កិច្ចសន្ទនានេះត្រូវបានរៀបចំឡើងដើម្បីស្ដាប់ និងពិភាក្សាដោះស្រាយរាល់កង្វល់នានារបស់វិនិយោគិនអាម៉េរិក ដោយអនុវត្តក្រោមស្មារតីសហការនិងឯកភាពរួមគ្នារវាងប្រមុខថ្នាក់ដឹកនាំ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសហរដ្ឋអាម៉េរិក។ យន្តការថែទាំវិនិយោគដែលរៀបចំឡើងនាឱកាសនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងជំនឿចិត្តរបស់តួអង្គពាក់ព័ន្ធ រួមមានវិស័យឯកជនទាំងមានស្រាប់និងវិនិយោគិនថ្មីៗ តាមរយៈបង្កើនប្រសិទ្ធភាពយន្តការសន្ទនារវាងរដ្ឋនិងឯកជនទាំងក្នុងកម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីជំរុញការពិភាក្សាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា អនុវត្តស្របតាមកម្មវីធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសង្គម-សេដ្ឋកិច្ចកម្ពុជា៕

ដោយ​៖ តារា​


ចែករំលែក៖