ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរពេទ្យដេរជិត១០ថ្នេរ ដោយសារតែចូលទៅឃាត់បងប្អូនគេឈ្លោះគ្នា ហើយត្រូវបានជនដៃដល់ខឹងសម្បាទាញកូនពូថៅកាប់តែម្តង ព្យាយាមរត់គេចនគរបាលតាមឃាត់បាន។
ការឃាត់ខ្លួនជនដៃដល់យកកូនពូថៅកាប់ទៅលើអ្នកចូលទៅឃាត់បងប្អូនគេឈ្លោះគ្នា ហើយប្រើកូនពូថៅកាប់កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិថ្នល់ដាច់ ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថា មានករណីហិង្សាដោយចេតនាមួយបានកើតឡើងដោយ(ប្រើកូនពូថៅដៃកាប់ជនរងគ្រោះ) កាលពីវេលាម៉ោ៧និង៣០នាទីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិថ្នល់ដាច់ ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យឈ្មោះ យ៉េង ពីឈីញ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ-ឃុំខាងលើបានធ្វើសកម្មភាពយកពូថៅដៃកាប់លើជនរងគ្រោះឈ្មោះ សុខ កុសល់ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ខណៈដែលជនរងគ្រោះបានទៅឃាត់ជនសង្ស័យឈ្មោះ យ៉េង ពីឈីញ កំពុងឈ្លោះប្រកែកគ្នាជាមួយបងប្អូន ១ពូថៅចំក្បាល ផ្នែកខាងឆ្វេងបណ្តាលឱ្យរងរបួសហូរឈាមត្រូវបានសាច់ញាតិក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជន(ដេរចំនួន០៧ថ្នេរ )។
មន្ត្រីនគរបាលស្រុកបសេដ្ឋបានបន្តថា ក្រោយពីធ្វើសកម្មភាពយកកូនពូថៅកាប់ទៅលើជនរងគ្រោះរួចមកជនសង្ស័យដៃដល់បានរត់គេចខ្លួនបាត់ ។
មន្ត្រីនគរបាលស្រុកបសេដ្ឋបានបន្ថែមទៀតថា លុះរហូតដល់ថ្ងៃ២៦ ខែមីនា ឆ្នាំ២០២៥ ឈ្មោះ សុខ កុសល់ បានមកដាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះខែ ដើម្បីឱ្យនគរបាលជួយអន្តរាគមន៍ឃាត់ជនដៃដល់។ ក្រោយពីទទួលពាក្យបណ្តឹងជនរងគ្រោះរួចកំលាំងជំនាញព្រហ្មទណ្ឌស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍ឃុំព្រះខែបានចុះដល់កន្លែងប្រមូលព័ត៌មាន កសាងសំណុំរឿង និងស្រាវជ្រាវរកជនសង្ស័យដៃដល់ ប៉ុន្តែមិនឃើញដោយជនសង្ស័យខាងលើបានរត់ឡើងលើភ្នំក្បែរភូមិបាត់ទៅហើយ។
មន្ត្រីនគរបាលស្រុកបសេដ្ឋបានបញ្ជាក់ថា រហូតដល់វេលាម៉ោង២រសៀល២៧ ខែមីនា ឆ្នាំ២០២៥ កំលាំងជំនាញព្រហ្មទណ្ឌស្រុកបានសហការជាមួយប៉ុស្តិ៍ព្រះខែធ្វើការឃាត់ខ្លួនជនសង្ស័យដៃដល់ឈ្មោះ (យ៉េង ពីឈីញ) នៅចំណុចភ្នំក្បែរភូមិ-ឃុំខាងលើ យកមកសួរនាំនៅអធិការដ្ឋានស្រុកបសេដ្ឋតែម្តង។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យដៃដល់ ថាខ្លួនពិតជាបានធ្វើសកម្មភាពយកកូនពូថៅដៃកាប់លើជនរងគ្រោះឈ្មោះ(សុខ កុសល់)ប្រាកដមែន។ មូលហេតុនោះដោយសារតែរូបខ្លួន ខឹងនិងជនរងគ្រោះ ចេះដឹងរឿងចូលទៅជួយឃាត់ខ្លួនពេលកំពុងតែឈ្លោះគ្នាជាមួយបងប្អូន ទប់កំហឹងមិនបានក៏ទាញកូនពូថៅកាប់តែម្តង។
បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅគ្លីនិកឯកជនមួយ។ ចំណែកជនសង្ស័យដៃដល់រួមជាមួយវត្ថុតាងខាងលើ ត្រូវបានកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖ សូរិយា