ខេត្តតាកែវ ៖ នៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្នុងនាមតំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារស្តារប្រឡាយមេរំដោះទឹកស្រះកែវ ស្ថិតនៅឃុំសូភី និងឃុំកុមារាជា ក្នុងស្រុកបាទី ខេត្តតាកែវ។
បើតាមលោកប្រធាននាយកដ្ឋានវិស្វកម្មបានបញ្ជាក់ឱ្យដឹងថា ការងារសំខាន់ៗរបស់គម្រោងស្តារប្រឡាយមេរំដោះទឹកស្រះកែវ រួមមាន៖
១) ស្តារប្រឡាយមេរំដោះទឹកស្រះកែវ ប្រវែង ៤៦០០ម៉ែត្រ ។
និង ២)សាងសង់សំណង់សិល្បការ្យសរុបចំនួន ១៥កន្លែង។ គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារដីសម្រេចបាន ១៥% និងការងារសំណង់ មិនទាន់បានអនុវត្ត។
លោកប្រធាននាយកដ្ឋានវិស្វកម្មបានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា ប្រឡាយមេរំដោះទឹកស្រះកែវនេះគឺមានប្រភពទឹកពីប្រឡាយរលាំងជ្រៃខាងត្បូង ដែលមានសក្តានុពលជួយរំដោះទឹកជំនន់ពីផ្លូវជាតិលេខ៣នៅទីតាំងផ្សាត្រាំខ្នា ហើយភ្លឺប្រឡាយដើតួនាទីយ៉ាងសំខានជាផ្លូវគមនាគមន៍ដែលជួយកាត់បន្ថយចរាចរនៅទីតាំងផ្សារត្រាំខ្នា។
លើសពីនេះ លោកប្រធាននាយកដ្ឋានវិស្វកម្មបានបញ្ជាក់ឱ្យដឹងថា គម្រោងនេះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១១២០ហិកតា រដូវប្រាំងចំនួន ៥៦០ហិកតា និងដំណាំរួមផ្សំ ២០ហិកតា ជូនដល់បងប្អូនប្រជាកសិករប្រមាណ ៣៩៩១គ្រួសារ ក្នុងភូមិចំនួន១០ នៃឃុំសូភី និងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋានវិស្វកម្ម ក៏បានណែនាំដល់ក្រុមការងារសាងសង់ឱ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក៕
ដោយ ៖ សិលា