ព័ត៌មានទាន់ហេតុការណ៍៖

លោក ពូទីន ស្នើបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ននៅអ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មានរុស្ស៊ីបានផ្សាយថា ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានស្នើឱ្យដាក់អ៊ុយក្រែននៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបណ្តោះអាសន្នដើម្បីរៀបចំការបោះឆ្នោត និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយដើម្បីឈានដល់ដំណោះស្រាយដោយសន្តិវិធី។
មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើសំណើរនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់កំពង់ផែ Murmansk។ លោកបាននិយាយថា “ជាគោលការណ៍ រដ្ឋាភិបាលបណ្តោះអាសន្នមួយអាចត្រូវបានបង្កើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន ក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក បណ្តាប្រទេសនៅអឺរ៉ុប និងដៃគូផ្សេងទៀត។ នេះនឹងអនុញ្ញាតឱ្យអ៊ុយក្រែនរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងនាំយករដ្ឋាភិបាលដែលមានសមត្ថភាព និងប្រជាប្រិយភាពមួយឡើងកាន់អំណាច មុនពេលចាប់ផ្តើមការចរចាលើសន្ធិសញ្ញាសន្តិភាព”។
មុននឹងធ្វើសំណើខាងលើ លោកពូទីនបានវាយតម្លៃជាយូរមកហើយថា រដ្ឋាភិបាលអ៊ុយក្រែនបច្ចុប្បន្នមិនមែនជាដៃគូចរចាស្របច្បាប់ទេ ព្រោះអាណត្តិរបស់ប្រធានាធិបតី Volodymyr Zelensky បានបញ្ចប់ក្នុងខែឧសភា ឆ្នាំ 2024។ ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីអ៊ុយក្រែន Zelensky បានបដិសេធម្តងហើយម្តងទៀតនូវការសង្ស័យអំពីភាពស្របច្បាប់របស់រដ្ឋាភិបាលក្រុងគៀវ ដោយលើកឡើងពីច្បាប់ស្តីពីការបោះឆ្នោតនៅ អ៊ុយក្រែន។
ថ្លែងនៅឯកំពង់ផែ Murmansk មេដឹកនាំរុស្ស៊ីបានវាយតម្លៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការជំរុញការសន្ទនាដោយផ្ទាល់ជាមួយរុស្ស៊ី ដែលបង្ហាញថាលោក Trump ពិតជាចង់បញ្ចប់ជម្លោះ។
លោកប្រធានាធិបតី ពូទីន ក៏បានបញ្ជាក់ផងដែរថា រុស្ស៊ីនៅតែដើរទៅមុខមួយជំហាន ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់ដំបូងក្នុងយុទ្ធនាការយោធាពិសេសនៅអ៊ុយក្រែន។
ក្រៅពីនេះ លោកបានសរសើរការខិតខំស្វែងរកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះពី BRICS។
ទាក់ទិននឹងបណ្តាប្រទេសអ៊ឺរ៉ុប ថ្វីត្បិតតែបង្ហាញពីឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការជាមួយតំបន់នេះក៏ដោយ លោក ពូទីន បានវាយតម្លៃថា ប្រទេសនានាក្នុងប្លុកកំពុងមានអាកប្បកិរិយាមិនស៊ីសង្វាក់គ្នាក្នុងទំនាក់ទំនងរបស់ពួកគេជាមួយរុស្ស៊ី៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖