ព័ត៌មានទាន់ហេតុការណ៍៖

អដ្ឋិធាតុទាហានអាមេរិក ស្លាប់ព្រោះធ្លាក់យន្តហោះ​នៅខេត្តរតនគីរី កាលពី៥៥ឆ្នាំ​មុន ត្រូវបានរកឃើញ និងរៀបចំបញ្ជូនទៅអាមេរិកវិញ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីភារធារី​ Bridgette Walker និងលោក សៀង ឡាប្រេស អនុប្រធានគណៈកម្មាធិការនៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួន បានធ្វើជាអធិបតី​ក្នុងពិធីធ្វើមាតុភូមិនិវត្តន៍​នៃអដិ្ឋធាតុ ដែលរកឃើញ​នៅកន្លែងយន្តហោះសហរដ្ឋអាមេរិកធ្លាក់ និងបាត់​នៅខេត្តរតនគីរី កាលពី ៥៥ ឆ្នាំ​មុន។ អង្គភាពទទួលបន្ទុកផ្នែកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនរបស់ក្រសួងការពារជាតិអាមេរិក (DPAA) ផ្នែកក្រុមបូរាណវិទ្យា ដែលមានឈ្មោះថា Ohio Valley Archaeology  និងក្រុមហ៊ុន Golden West​ បានគាស់កកាយ​ ដោយមានការជួយដ៏រឹងមាំពីគណៈកម្មាធិការកម្ពុជា ទទួលបន្ទុកផ្នែកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាម។ នេះគឺជាជំហានដ៏​ធំមួយ ក្នុងការផ្តល់ចម្លើយដល់គ្រួសាររបស់យុទ្ធជនបាត់ខ្លួន។

ពិធីត្រូវរៀបចំឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដោយមាន​ការ​អញ្ជើញ​​ចូលរួមពី​លោកស្រី ភារធារី​ Bridgette Walker និងលោក សៀង ឡាប្រេស អនុប្រធានគណៈកម្មាធិការនៃព្រះរាជាណាចក្រកម្ពុជា ទទួល​បន្ទុក​ឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួន។ 

អដ្ឋិធាតុទាហានអាមេរិកពីររូបនេះ ត្រូវបានអង្គភាពទទួលបន្ទុក​ផ្នែកឈ្លើយ​សឹក និងយុទ្ធជនបាត់ខ្លួនរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក (DPAA) ផ្នែកក្រុមបូរាណវិទ្យា ដែលមានឈ្មោះថា Ohio Valley Archaeology  និងក្រុមហ៊ុន Golden West​ គាស់កកាយ​ ដោយមាន​ការ​ជួយដ៏រឹងមាំពីគណកម្មាធិការកម្ពុជា ទទួលបន្ទុកផ្នែកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាម។

ក្រសួងការបរទេសអាមេរិកប្រចាំនៅកម្ពុជា បានចាត់ទុកការរុករក និងបញ្ជូន​អដ្ឋិធាតុទាហានអាមេរិកពីរនាក់ទៀតនេះ គឺជាជំហានដ៏​ធំមួយ ក្នុងការផ្តល់​ចម្លើយ​ដល់គ្រួសាររបស់យុទ្ធជនបាត់ខ្លួន។

នៅចុងទសវត្ស១៩៦០ ដល់ដើមទសវត្ស១៩៧០ ក្នុងប្រតិបត្តិការតាមយន្ត​ហោះសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកជាច្រើនគ្រាប់ ដើម្បីកាត់ផ្តាច់​ប្រតិ​បត្តិការរបស់កងទ័ពវៀតណាមខាងជើង ដែលប្រើទឹកដីកម្ពុជា​វាយចូល​វៀតណាមខាងត្បូង ជាសម្ព័ន្ធមិត្តរបស់អាមេរិក។

របាយការណ៍របស់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បាន ឱ្យដឹងថា ប្រតិបត្តិការ​នោះអាមេរិកបានទម្លាក់គ្រាប់បែក នៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើម​ឆ្នាំ១៩៧៥ ចំនួនប្រមាណ ២លាន ៨សែនតោន និងគ្រាប់បែកគីមីផងដែរ។ ប្រតិបត្តិការនេះ បានសម្លាប់ប្រជាពលរដ្ឋខ្មែរជាង ៥០០,០០០នាក់់ ​និង​បំផ្លាញភូមិឋាន ផ្ទះសម្បែងខែ្មររាប់ម៉ឺន​កន្លែងថែមទៀត។

ក្នុងប្រតិបត្តិការសង្គ្រាមនោះ ក៏មានទាហានអាមេរិកជាច្រើនរូប បានស្លាប់​បាត់​​បង់ជីវិតផងដែរ។ កម្ពុជា និងអាមេរិក បានបង្កើតកិច្ចព្រមព្រៀងមួយ​ជាមួយគ្នាក្នុងការរុករកអដ្ឋិធាតុទាហានអាមេរិកដែលស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលសង្គ្រាមនោះ។  

តាមរបាយការណ៍របស់អាមេរិក បានឱ្យដឹងថា ទាហានអាមេរិកដែល​បាន​បាត់​ខ្លួននៅកម្ពុជាមានចំនួនប្រមាណ ៩០នាក់ ហើយសាកសពចំនួន​៤២​នាក់​ត្រូវបានរកឃើញ។ ទាហានអាមេរិកាំងសរុបប្រមាណ ២,៦៤៦នាក់ បាន​បាត់ខ្លួនក្នុងប្រទេសវៀតណាម ឡាវ កម្ពុជា និងចិន កាលពីសម័យ​សង្គ្រាម​វៀតណាម។ ធាតុទាហានអាមេរិជាង ១,៦០០នាក់ នៅបន្តបាត់ខ្លួន​នៅ​ឡើយរហូតមកដល់ពេលនេះ ក្នុងនោះទាហានជាង ១,២០០នាក់បាន​បាត់​ខ្លួន​ក្នុងទឹកដីវៀតណាម។

កម្ពុជាបានអនុវត្តប្រតិបត្តិការរុករកធាតុទាហានអាមេរិក ដែលបានបាត់បង់​ជីវិតក្នុងសង្គ្រាមអាមេរិក-វៀតណាម កាលពីទសវត្សឆ្នាំ៧០ ចាប់តាំងពីឆ្នាំ​១៩៨០​មក។ កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៨សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសផ្អាកការរុករកអដ្ឋិធាតុទាហានអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលបានសម្រេចផ្អាកចេញទិដ្ឋាការប្រភេទមិនមែនអន្តោប្រវេសន៍ ឱ្យមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជា។ ប៉ុន្តែនៅខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ បានអនុញ្ញាតឱ្យមានកិច្ចសហការរុករកធាតុទាហាន​អាមេរិក​នៅ​លើទឹកដីកម្ពុជាឡើងវិញ។

ការរុករកឃើញ និងបញ្ជូនអដ្ឋិធាតុទាហានអាមេរិកទៅកាន់អាមេរិកវិញ​នាថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ២០២៥ គឺលទ្ធផល និងព្រឹត្តិការណ៍រកឃើញលើកដំបូង ក្រោយប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការឡើងវិញកាលពីឆ្នាំ២០១៨៕

ដោយ៖ សូរិយា


ចែករំលែក៖