ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមផ្ញើសារលិខិតចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ឯកឧត្ដម អ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលជាបងប្រុសជាទីស្រលាញ់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានទទួលមរណភាព នៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២:២៧នាទីព្រឹក ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងសោកស្តាយ ស្រណោះអាឡោះអាល័យសង្វេគស្ទើររកទីបំផុតគ្មានចំពោះមរណភាពរបស់ ឯកឧត្ដម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលជាការបាត់បង់បងប្រុស ឪពុកមា ស្វាមី ឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់ដ៏ធំធេងសម្រាប់ប្រជាជនកម្ពុជាទាំងមូលនូវឥស្សរជន ដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីពេញមួយជីវិត ក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។ ឯកឧត្ដម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ក៏បានរួមចំណែកយ៉ាងសកម្មក្នុងការកាពារ កសាងនិងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យផងដែរ។
យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្ដម អ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន សូមឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា៖ សពរបស់ឯកឧត្ដម អ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន នឹងត្រូវតម្កល់ធ្វើបុណ្យទក្ខិណានុបទានតាមប្រពៃណី នៅផ្ទះលេខ១៧ ផ្លូវ៣៣៥ ភូមិ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយនៅថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៧:១១នាទីព្រឹក សពឯកឧត្ដម អ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស(វត្តសម្តេចព្រះពោធិវ័ង្ស ណយ ច្រឹក សម្តេចព្រះសង្ឃ នាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា) ស្ថិតក្នុងភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕
ដោយ ៖ សិលា