ភ្នំពេញ ៖ ផ្អែកលើស្នូលនៃ«យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលផ្តោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ រាជរដ្ឋាភិបាលបានកំណត់អភិក្រម “រៀបចំផ្ទះឱ្យរៀបរយ” និង “ពង្រឹងជាជាងពង្រីក” ដើម្បីធានាការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួ ស្ថាប័នឱ្យមានប្រសិទ្ធភាពខ្ពស់។
យោងតាមលទ្ធផល នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងស្មារតីនៃកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ រាជរដ្ឋាភិបាល សូមដាក់ចេញនូវសារាចរស្តីពី «ការកំណត់ និងការអនុវត្តមុខងារនៅតាមក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ» (លើកលែងក្រសួងការពារជាតិ និងអង្គភាពដែលទទួលបន្ទុកសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃ) ដូចខាងក្រោម៖
-១.ការកំណត់មុខងារតាមវិស័យរបស់ក្រសួង ស្ថាប័ន ។
-២.ក្របខណ្ឌការងារសម្រាប់ការអនុវត្តមុខងារស្នូល និងមុខងាររងនៃមុខងារស្នូល។ -៣.ការគាំទ្រការអនុវត្តមុខងារស្នូល និងមុខងាររងនៃមុខងារស្នូល ។
-៤.ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តមុខងារស្នូល និងមុខងាររងនៃមុខងារស្នូល ។
-៥.មុខងារនិងការរៀបចំរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ៦.មុខងារនិងការប្រើប្រាស់ធនធានមនុស្ស ៧.មុខងារនិងការប្រើប្រាស់ថវិកា និង ៨.ការផ្តល់ការគាំទ្រ៕
ដោយ ៖ សិលា